តំបន់ហ្កាហ្សា៖ ក្រុមហាម៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំងទាំងអស់ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅហ្កាហ្សា ការដកកងទ័ពអ៊ីស្រាអែលទាំងស្រុង និងការបង្កើតគណៈកម្មាធិការប៉ាឡេស្ទីនឯករាជ្យដើម្បីគ្រប់គ្រងតំបន់។
ចលនាប៉ាឡេស្ទីនបាននិយាយថា ពួកគេបានទទួល “គំនិត” អ្នកសម្របសម្រួលចេញពីភាគីអាមេរិកសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយស្វាគមន៍គំនិតផ្តួចផ្តើមដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធ។
ក្រុមហាម៉ាសក៏អំពាវនាវឱ្យមានការធានានូវ ”ការប្តេជ្ញាចិត្តច្បាស់លាស់ និងជាក់លាក់” របស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងណាមួយ ដោយក្រើនរំលឹកឲ្យប្រយ័ត្នពីការកើតឡើងដដែលៗដូចកិច្ចព្រមព្រៀងកន្លងមក ដែលគេនិយាយថាត្រូវបានបដិសេធឬបោះបង់ចោល។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរលើបណ្តាញសង្គមត្រាស់សូសល កាលពីថ្ងៃអាទិត្យថា “អ៊ីស្រាអែលបានទទួលយកលក្ខណ្ឌរបស់ខ្ញុំ។ ដល់ពេលដែលក្រុមហាម៉ាសត្រូវតែទទួលយកដែរ។ នេះគឺជាការព្រមានចុងក្រោយ និងមិនមានលើកក្រោយទៀតទេ។”
មន្ត្រីអ៊ីស្រាអែល សុំមិនបញ្ចេញឈ្មោះបាននិយាយថា អ៊ីស្រាអែល “បានពិចារណាយ៉ាងហ្មត់ចត់” លើសំណើររបស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្ញើទៅក្រុមហាម៉ាសកាលពីចុងសប្តាហ៍ ហើយបានសរសេរពិព័ណ៌នាថា “សំណើររបស់ប្រធានាធិបតីដូណាល់ត្រាំ”។
ប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែលបានរាយការណ៍ថា តាមផែនការ អ៊ីស្រាអែលនឹងលុបចោលការវាយដណ្តើមទីក្រុងហ្កាហ្សា។ ចំណាប់ខ្មាំងទាំង១៨នាក់នៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលក្នុងនោះមានប្រមាណជា២០នាក់ត្រូវបានគេជឿថានៅមានជីវិត នឹងត្រូវបានដោះលែងនៅថ្ងៃដំបូងនៃបទឈប់បាញ់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់។ កិច្ចពិភាក្សាអំពីការបញ្ចប់សង្គ្រាមនឹងចាប់ផ្តើមនៅក្រោមការសម្របសម្រួលរបស់ លោកត្រាំ ដែលមិនមានការបាញ់គ្នាក្នុងពេលដែលការចរចានៅតែបន្ត៕









