ប្រទេសលីបង់៖ យោងតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខបាននិយាយថា សមាជិកក្រុមហេសបូឡា៥នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើភាគខាងកើតប្រទេសលីបង់។
ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសចំនួន៧លើកនៅជាយក្រុងហឺរមែល និងមួយលើកនៅជាយភូមិឡាបវ៉េហ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងសុខភាពសាធារណៈបានបញ្ជាក់ពីអ្នកស្លាប់ និងរបួស។
ប្រភពពីចារកម្មយោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា ការវាយឆ្មក់នេះកំណត់គោលដៅលើទីតាំងរបស់ក្រុមហេសបូឡា ដែលទីតាំងមួយចំនួនធ្លាប់ប៉ះពាល់ក្នុងការវាយប្រហារពីមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណសមាជិកក្រុមហេសបូឡានៅជំរំដែលបានដៅទុក ដែលគេពិព័ណ៌នាថាជាទីតាំងសម្រាប់ការបណ្តុះបណ្តាល និងការរក្សាទុកអាវុធ។ ទីតាំងទាំងនោះបានបង្កការគំរាមកំហែងទៅដល់អ៊ីស្រាអែល ហើយកងទ័ពអ៊ីស្រាអែលប្តេជ្ញាបន្តប្រតិបត្តិការបែបនេះ។
គួរំលឹកផងដែរថា បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង រវាងក្រុមហេបូឡានិងអ៊ីស្រាអែលត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសម្តងម្កាលទៅលើប្រទេសលីបង់ ដែលលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ ដោយបន្តរក្សាកងកម្លាំងនៅទីតាំងចំនួន៥តាមបណ្តោយព្រំដែនប្រទេសលីបង់ បន្ទាប់ពីខកខានក្នុងការដកកងកម្លាំងទាំងស្រុងដែលផុតកំណត់នៅថ្ងៃទី១៨ ខែកុម្ភៈ៕









