កុងហ្គោ៖ រដ្ឋាភិបាលបាននិយាយថា មនុស្សមិនតិចជាង៨០នាក់នោះទេដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមឧទ្ទាមកងទ័ពប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដូចដែលសហភាពអាហ្វ្រិក (AU) នៅថ្ងៃពុធនេះបានថ្កោលទោសថាជា “ការវាយប្រហារភេរវកម្មដ៏សាហាវ” ។
យោងតាមអាជ្ញាធរខេត្តដកស្រង់អត្ថន័យក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា យ៉ាងហោចណាស់មនុស្ស៧១នាក់ត្រវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួនបន្ទាប់ពីការវាយប្រហាររបស់ ADF កាលពីល្ងាចថ្ងៃចន្ទ នៅអ៊ីនតូយូ ក្នុងទឹកដីទីក្រុងលូបេរ៉ូ ខេត្តគីវូភាគខាងជើង។ វរសេនីយ៍ឯក អាឡាំង គីវីវ៉ា រដ្ឋបាលទីក្រុងលូបេរ៉ូ ប្រាប់អ្នកយកព័ត៌មានថាចំនួនអ្នកស្លាប់កើនឡើងដល់ច្រើនជាង៨០នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានគណៈកម្មការ AU លោក ម៉ាម៉ួដ អាលី យូសូហ្វ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនៅអ៊ីនតូយូ និងអំពើហិង្សាដែលកើតឡើងជាបន្តបន្ទាប់សំដៅលើជនស៊ីវិលនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ AU ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីស្តារឡើងវិញនូវ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ហ្គ្រេតលេក។
រដ្ឋាភិបាលបាននិយាយថា មនុស្ស១៨នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងរយៈពេលពេញមួយយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារក្នុងការវាងប្រហារដាច់ដោយឡែកពីគ្នារបស់ ADF លើភូមិចំនួន២នៅក្នុងទឹកដីទីក្រុងបេនី និងនៅខេត្តគីវ៉ូភាគខាងជើង។ រដ្ឋាភិបាលបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល ស្តារសន្តិសុខ និងធ្វើការជាមួយដៃគូនានាដើម្បីបញ្ចប់សកម្មភាពរបស់ ADF។
កងទ័ពប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ជាសម្ព័ន្ធមិត្តរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅអាហ្វ្រិកកណ្តាល បានបង្កើនការវាយប្រហារនៅខេត្តគីវូ និងខេត្តអ៊ីធួរ៉ីភាគខាងជើងប្រទេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនមានគោលដៅលើជនស៊ីវិល។
យោងតាមគណៈប្រតិភូបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឱ្យដឹងថា ការវាយប្រហាររបស់ ADF បានសម្លាប់មនុស្សយ៉ាងហោចណាស់៥២នាក់នៅខេត្តគីវូភាគខាងជើងនៅចន្លោះថ្ងៃទី៩ និងថ្ងៃទី១៦ ខែសីហា។ កាលពីចុងខែកក្កដាជនស៊ីវិលប្រមាណ៤០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅព្រះវិហារកាតូលិកក្នុងខេត្តអ៊ីធួរ៉ី។
ប្រតិបត្តិការយោធារួមគ្នារបស់កុងហ្គោ និងអ៊ូហ្គាន់ដាប្រឆាំងនឹង ADF បាននិងកំពុងបន្តចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែក្រុមឧទ្ទាមនេះនៅតែបន្តការវាយឆ្មក់ដែលមានមនុស្សស្លាប់ដ៏ច្រើន៕









