តួកគីឃុំខ្លួនជនសង្ស័យ IS ១៦១នាក់ក្នុងប្រតិបត្តិការនៅទូទាំងប្រទេស

0

ប្រទេសតួកគី៖ ប៉ូលិសតួកគីបានឃុំខ្លួនបុគ្គលចំនួន១៦១នាក់ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងប្រទេស នេះបើតាមការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី អាលី យឺលីកាយ៉ា  កាលពីថ្ងៃសុក្រ។

តាមខ្លឹមសារផុសរបស់លោក យឺលីកាយ៉ា បង្ហោះនៅបណ្តាញសង្គមអ៊ីក្សបានឲ្យដឹងថា ប្រតិបត្តិការដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន បានពង្រីកទៅដល់ខេត្តចំនួន៣៨ ក្នុងនោះមានទីក្រុងធំៗដែលមានដូចជាទីក្រុងអង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ុល។

លោក យឺលីកាយ៉ា បានបន្ថែមថា ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ថាបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុម IS ហើយប៉ូលិសក៏បានរឹបអូសអាវុធដែលគ្មានអាជ្ញាប័ណ្ណ ឯកសាររចនាសម្ព័ន្ធអង្គភាព ព្រមទាំងសម្ភារៈឌីជីថលនៅក្នុងប្រតិបត្តិការទាំងនេះ។ លោកបានប្តេជ្ញាបន្តប្រតិបត្តិការបែបនេះ ដោយមិនមានការរំខានដល់សន្តិភាព និងសន្តិសុខប្រទេស

កាលពីពាក់កណ្តាលខែកក្កដា ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យ១៥៣នាក់នៅទូទាំង២៨ខេត្ត នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ធំមួយដែលកំណត់គោលដៅលើក្រុម IS។

គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ដោយបានទំលាក់កំហុសលើក្រុមនេះចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេស។ ចាប់តាំងពីពេលនោះមក ប្រទេសតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេស ដើម្បីចាត់វិធានការបំបាត់សមាជិកនិងសកម្មភាពរបស់ក្រុមនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here