ប្រទេសលីបង់៖ សមាជិកហេបូឡាម្នាក់ត្រូវបានសម្លាប់ និង២នាក់រងរបួសកាលពីថ្ងៃសុក្រក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពពីភ្នាក់ងារព័ត៌មានជាតិលីបង់ (NNA) និងពីសន្តិសុខ។
NNA និយាយថា ករណីស្លាប់នេះបានកើតឡើងនៅភូមិអៃតារោណ។ ចំណែកឯព័ត៌មានដែលយើងទទួលបានពីប្រភពនៅក្នុងផ្នែកចារកម្មរបស់កងទ័ពលីបង់បានឲ្យដឹងថា មនុស្សម្នាក់ដែលត្រូវបានសម្លាប់នោះគឺជាសមាជិកក្រុមហេសបូឡា ឈ្មោះ ហ៊ូសេន ខាលីល ម៉ាន់សួរ។
បើតាម NNA បានឱ្យដឹងថា នៅក្នុងឧបហេតុមួយដាច់ដោយឡែកពីគ្នា យន្តហោះគ្មានមនុស្សបើករបស់សត្រូវបានបាញ់មីស៊ីលស្វ័យនាំផ្លូវមួយគ្រាប់ទៅលើរថយន្តមួយគ្រឿងនៅក្នុងភូមិ អៃតា អាល់ ចាបាល ដែលមានទីតាំងនៅតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសលីបង់ បណ្តាលឱ្យមនុស្ស ២នាក់រងរបួស។
ភ្នាក់ងារនេះក៏បានរាយការណ៍ទៀតថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលជាច្រើនគ្រឿងបានទម្លាក់គ្រាប់បែកទៅលើភូមិអាលដាហ៊ីរ៉ា ភូមិអាលវ៉ាហ្សានី ភូមិយ៉ារ៉ីន និងទីក្រុងណាគូរ៉ា ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់និងរបួសនោះទេ។
ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំងបានចូលជាធរមានក្នុងគោលបំណងបញ្ចប់ជម្លោះព្រំដែនរយៈពេលជាងមួយឆ្នាំ។
បើទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅបន្តវាយប្រហារតាមអាកាសម្តងម្កាលទៅលើប្រទេសលីបង់ ដោយនិយាយថាពួកគេត្រូវលុបបំបាត់ “ការគំរាមកំហែង” របស់ក្រុមហេបូឡា ហើយពួកគេបន្តឈជើងនៅទីតាំងចំនួន៥នៅតាមបណ្តោយព្រំដែនប្រទេសលីបង់ បន្ទាប់ពីឱសានវាទនៃការដកកងទ័ពទាំងស្រុងដែលផុតកំណត់នៅថ្ងៃទី១៨ ខែកុម្ភៈ៕









