ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ១៣នាក់ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ នេះបើតាមសម្តីរបស់យោធា។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីវត្តមានរបស់ក្រុមភេរវករ។ ពួកគេបានកំណត់គោលដៅលើទីតាំងលាក់ខ្លួនមួយកន្លែង ហើយជាហេតុនាំឱ្យមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង។
យោងតាមប្រភពពីយោធាបានឱ្យដឹងថា អាវុធ និងគ្រាប់រំសេវដ៏ច្រើនត្រូវបានរឹបអូសពីពួកភេរវករ ដែលពួកគេទាំងនោះនៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មជាច្រើនក្នុងនោះមានដូចជា ការបំផ្ទុះគ្រាប់បែកអត្តឃាត ការចាប់ពង្រត់មនុស្ស និងគោលដៅសម្លាប់មន្ត្រីរដ្ឋាភិបាលនិងជនស៊ីវិល។
“ប្រតិបត្តិការបោសសម្អាតកំពុងអនុវត្តដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតដែលនៅសេសសល់ក្នុងតំបន់” នេះបើតាម ISPR ដែលបញ្ជាក់ជាថ្មីថា កងកម្លាំងសន្តិសុខប៉ាគីស្ថាននៅតែប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេសនេះ៕









