ប្រទេសអាល់ហ្សេរី៖ ក្រសួងការពារជាតិអាល់ហ្សេរីបាននិយាយនៅថ្ងៃពុធថា កងទ័ពអាល់ហ្សេរីសម្លាប់ភេរវករ៦នាក់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មកាលពីថ្ងៃអង្គារ នៅខេត្តតេបេសា ដែលមានចម្ងាយប្រមាណ៧០០គីឡូម៉ែត្រភាគខាងកើតទីក្រុងអាល់ជៀ។
ប្រតិបត្តិការដែលធ្វើឡើងនៅក្នុងតំបន់យោធភូមិភាគទី៥របស់ប្រទេសនេះ ក៏បាននាំទៅដល់ការរឹបអូសបានកាំភ្លើងអាកាចំនួន៦ដើម នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅក្នុងតំបន់នេះរបស់អគ្គសេនាធិការនៃកងទ័ពជាតិប្រជាជន លោក សាយ ចាណេហ្គ្រីហា បានសរសើរប្រតិបត្តិការនេះថាជា “សកម្មភាពដ៏ក្លាហាន” ហើយលោកក៏បានផ្ញើសារអបអរសាទររបស់ប្រធានាធិបតី អាប់ដែលម៉ាដជីដ តេបូណេ ដល់កងទ័ពផងដែរ។
លោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីការពារសន្តិសុខជាតិនិងប្រជាពលរដ្ឋ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងពួកភេរវកម្មដែលនៅសេសសល់ ដោយការប្តេជ្ញាចិត្ត ការពេញចិត្ត និងភក្តីភាពចំពោះកាតព្វកិច្ចដ៏សំខាន់នេះ។
កងទ័ពអាល់ហ្សេរីតែងតែធ្វើប្រតិបត្តិការបោសសម្អាតជាប្រចាំនៅក្នុងតំបន់ព្រៃភ្នំ ភាគខាងជើងប្រទេសអាល់ហ្សេរី ដែលជាបន្ទាយដ៏រឹងមាំរបស់ក្រុមប្រដាប់អាវុធ ដែលបានបង្កការគំរាមកំហែងសន្តិសុខយ៉ាងខ្លាំងក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕









