តួកគីបំផ្លាញកន្លែងលាក់ខ្លួនរបស់ PKK ១៤៤កន្លែងក្នុងប្រតិបត្តិការទូទាំងប្រទេស

0

ប្រទេសតួកគី៖ កងកម្លាំងសន្តិសុខតួកគីបានបំផ្លាញរូងដែលជាជម្រកនិងកន្លែងលាក់ខ្លួនរបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់ចំនួន១៤៤កន្លែងក្នុងប្រតិបត្តិការទូទាំងខេត្តចំនួន៣០ក្នុងរយៈពេល៦ខែកន្លងទៅ នេះបើតាមលោក អាលី យើលីកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីនិយាយកាលពីថ្ងៃសៅរ៍។ អ្នកប្រយុទ្ធ PKK ១៨នាក់ ព្រមចុះចូលក្នុងអំឡុងប្រតិបត្តិការនេះ។

លោកបានបន្ថែមថា កងកម្លាំងសន្តិសុខបានរឹបអូសអាវុធមួយចំនូនធំ ក្នុងនោះមានដូចជាគ្រាប់បែកដៃ មីន កាំភ្លើងបាញ់គ្រាប់រ៉ូកែត RPG-៧  កាំភ្លើងត្បាល់ កាំភ្លើងបាញ់គ្រាប់បែក កាំភ្លើងខ្លី កាំភ្លើងសប់ និងគ្រាប់ចំនួន១៦,៣៩៩ប្រភេទ។

លោកបន្តថា ប្រតិបត្តិការទាំងនោះធ្វើឡើងដោយអង្គភាពកងអាវុធហត្ថ ដោយមានការគាំទ្រពីកងកម្លាំងពិសេស អង្គភាពកុំម៉ង់ដូ ឆ្មាំភូមិ​ ព្រមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ និងឧទ្ធម្ភាគចក្រវាយប្រហារ។

PKK ដែលបានធ្វើយុទ្ធនាការប្រដាប់អាវុធប្រឆាំងរដ្ឋតួកគីតាំងពីឆ្នាំ១៩៨៤ បានចាប់ផ្តើមឡើងដំបូងដោយបង្កើតរដ្ឋឃឺដឯករាជ្យ ប៉ុន្តែក្រោយមកបានទាមទារស្វ័យភាពច្រើនជាងមុន និងរហូតដល់ពង្រីកសិទ្ធសម្រាប់ជនជាតិឃឺដនៅក្នុងប្រទេសតួកគី។

នៅក្នុងពិធីរំសាយអាវុធជានិមិត្តរូបដែលធ្វើឡើងក្នុងខែកក្កដានៅភាគខាងជើងអ៊ីរ៉ាក់ អ្នកប្រយុទ្ធ PKK បានចាប់ផ្តើមទម្លាក់អាវុធរបស់ពួកគេ ដែលជាជំហានដំបូងនៃការប្តេជ្ញាចិត្តរបស់ក្រុមនេះក្នុងការបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ខ្លួន។

ការសម្រេចចិត្តទម្លាក់អាវុធរបស់ក្រុមនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំជាប់ពន្ធនាគារគឺលោក អាបដូឡាហ អូកាឡេន ដែលជាប់ពន្ធនាគារតាំងពីឆ្នាំ១៩៩៩ បានអំពាវនាវឲ្យសមាជិក PKK កាលពីខែកុម្ភៈ ដើម្បីរៀបចំសមាជ និងបញ្ចប់ការតស៊ូប្រដាប់អាវុធជាផ្លូវការ។

ក្នុងខែសីហា គណៈកម្មាធិការសភាក្នុងប្រទេសតួកគីបានចាប់ផ្តើមកិច្ចប្រជុំដើម្បីត្រួតពិនិត្យគំនិតផ្តួចផ្តើមសន្តិភាពក្នុងគោលដៅបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ជាមួយ PKK៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here