ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់មន្ត្រីសន្តិសុខ៩នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃ (IED) នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីសន្តិសុខ។
មន្ត្រីសន្តិសុខបាននិយាយកាលពីថ្ងៃចន្ទថា ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីក្បួនរថយន្តរបស់កងកម្លាំងសន្តិសុខរងការប៉ះទង្គិចពីការបំផ្ទុះគ្រាប់បែកកែច្នៃនៅតំបន់មូឡា ខាន សារ៉ាយ ក្នុងស្រុកវ៉ារីស្ថានខាងត្បូង។
ប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុភ្លាមៗ បន្ទាប់ពីការបំផ្ទុះ ហើយបានបញ្ជូនអ្នករបួសទៅមន្ទីពេទ្យក្នុងតំបន់នោះ។
ប៉ូលិសបានរាយខ្សែរង្វង់សុវត្ថិភាពបិទចំនុចកើតហេតុ ហើយបើកប្រតិបត្តិការរុករកនៅជុំវិញតំបន់នោះដើម្បីតាមចាប់ជនល្មើស។
ពុំទាន់មានក្រុមឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕









