កងកម្លាំងសូម៉ាលីសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប៧នាក់ក្នុងការរារាំងការវាយប្រហាររបស់ក្រុមនេះ

0

ប្រទេសសូម៉ាលី៖   រដ្ឋាភិបាលសូម៉ាលីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខសូម៉ាលីបានរារាំងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបទៅលើមន្ទីឃុំឃាំងដ៏សំខាន់នៅក្នុងទីក្រុងមូហ្កាឌីស្យូ ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធ៧នាក់។

ក្រសួងសន្តិសុខផ្ទៃក្នុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយនៅទីក្រុងមូហ្កាឌីស្យូថា កងកម្លាំងសន្តិសុខបានបញ្ចប់ការឡោមព័ទ្ធដែលមានរយៈពេលជាច្រើនម៉ោងកាលពីយប់ថ្ងៃសៅរ៍នៅមជ្ឈមណ្ឌលហ្កូដា ជីលីខាវ ដែលជាកន្លែងឃុំឃាំងដ៏សំខាន់មួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសន្តិសុខជាតិ ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “ការវាយប្រហារយ៉ាងកំសាករបស់ក្រុមភេរវករអាល់ស្ហាបាប ត្រូវបានបង្ក្រាបយ៉ាងឆាប់រហ័ស ហើយពួកភេរវករ៧នាក់ត្រូវបានសម្លាប់ក្នុងពេលដ៏ខ្លី។ អ្នកវាយប្រហារទាំងនោះបានប្រើប្រាស់រថយន្តដឹកទំនិញដែលបាញ់ថ្មាំ និងមានស្លាកសញ្ញាជារថយន្តសន្តិសុខ ហើយពាក់ឯកសណ្ឋានយោធាដើម្បីបន្លំខ្លួន”

ក្រសួងបានបន្ថែមថា ការបោកបញ្ឆោតនេះជួយឱ្យពួកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយចំនួននៅក្នុងទីក្រុង ដែលតែងតែមិនពិនិត្យលើយានយន្តដែលជាកម្មសិទ្ធរបស់កងកម្លាំងប្រដាប់អាវុធ។

យោងតាមសេចក្តីថ្លែងការណ៍ អ្នកវាយប្រហារបានបើកការវាយប្រហារដោយប្រើរថយន្តផ្ទុកសារធាតុផ្ទុះមុនពេលវាយលុកទីតាំងដោយថ្មើរជើងនៅម៉ោងប្រមាណ ៤:៤០នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍។

កងកម្លាំងសន្តិសុខបានឆ្លើយតបយ៉ាងឆាប់រហ័ស និងបានសម្លាប់អ្នកវាយប្រហារ៧នាក់ក្នុងរយៈពេលដ៏ខ្លី។

ក្រសួងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដើម្បីបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងប្រទេសរហូតទាល់តែកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ដែលនៅសេសសល់ត្រូវបានកម្ទេចអស់។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ដែលបានបះបោរប្រឆាំងនឹងរដ្ឋាភិបាលសូម៉ាលី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថាយុទ្ធជនរបស់ខ្លួនបានដោះលែងអ្នកទោសមួយចំនួន។

គួររំលឹកផងដែរថា ក្រុមជ្រុលនិយមនេះត្រូវបានបណ្តេញចេញពីទីក្រុងមូហ្កាឌីស្យូកាលពីឆ្នាំ២០១១ ប៉ុន្តែពួកគេនៅតែមានសមត្ថភាពក្នុងការវាយប្រហារលើទីតាំងរដ្ឋាភិបាល សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងសាធារណៈ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here