ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃពុធថា ទាហាន១១នាក់ និងភេរវករ១៩នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការពេញមួយយប់កាលពីថ្ងៃអង្គារក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតធ្វើឡើងនៅក្នុងស្រុក អ័ររ៉ាហ្សៃ បន្ទាប់ពីទទួលបានរបាយការណ៍អំពីវត្តមានរបស់ភេរវករ។
ISPR និយាយថា កងកម្លាំងសន្តិសុខបានចូលប្រយុទ្ធយ៉ាងមានប្រសិទ្ធភាពជាមួយភេរវករនៅក្នុងទីតាំងរបស់ពួកគេ ជាលទ្ធផលសម្លាប់បានភេរវករចំនួន១៩នាក់។ ប៉ុន្តែក្នុងពេលបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា ទាហាន១១នាក់ក៏បានបាត់បង់ជីវិតផងដែរ។
ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើង ដើម្បីកម្ចាត់ភេរវករចេញតំបន់នោះ។
យោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសនេះ៕









