ប្រទេសឥណ្ឌា៖ ប៉ូលិសម្នាក់បានរងរបួសនៅពេលដែលគ្រាប់បែកកែច្នៃ (IED) ដែលគេជឿថាបង្កៃដោយក្រុមណាហ្សាលបានភ្លាត់គន្លឹះកាលពីថ្ងៃចន្ទនៅរដ្ឋឆាតធីសហ្កា កណ្តាលប្រទេស នេះបើតាមសម្តីមន្ត្រីប៉ូលិស។
ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងព្រៃនៃភូមិកានឡាប៉ាទី នៃស្រុកប៊ីចាពួរ ចម្ងាយប្រមាណ៤៩៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុងរ៉ៃពួរ។
យោងតាមប៉ូលិសបានឱ្យដឹងថា ប៉ូលិសដែលរងរបួសគឺជាកម្លាំងរដ្ឋាភិបាលដែលចូលទៅក្នុងតំបន់ព្រៃក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមណាហ្សាល។
មន្ត្រីម្នាក់បាននិយាយថា “ប៉ូលិសបានប៉ះគ្រាប់បែកកែច្នៃដោយអចេតនាបង្កឱ្យផ្ទុះ និងបណ្តាលឱ្យគាត់រងរបួស”។
សប្តាហ៍មុន ទាហានប៉ារ៉ាម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃ ដែលបង្កឡើងដោយក្រុមណាហ្សាលនៅរដ្ឋក្បែរនោះ។
បច្ចុប្បន្ន ក្រុមណាហ្សាលមានសកម្មភាពយ៉ាងសកម្មនៅតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា។ ក្រុមបះបោរនេះត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យប្រជាជនក្រីក្ររាប់ពាន់នាក់គ្មានផ្ទះសម្បែង៕









