ប្រទេសប៉ាគីស្ថាន៖ មន្ត្រីសន្តិសុខ៦នាក់ត្រូវបានសម្លាប់ និង៦នាក់រងរបួសបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមកលើកងកម្លាំងសន្តិសុខ នៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមប្រភពសន្តិសុខនិយាយនៅថ្ងៃអង្គារ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ១:៣០នាទីម៉ោងក្នុងស្រុក ថ្ងៃចន្ទ នៅពេលដែលក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារទៅលើកងកម្លាំងយោធានៅក្នុងស្រុកគូរ៉ាម នេះបើតាមប្រភពប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអានមិក។ កម្លាំងសន្តិសុខបានបាញ់តបតវិញ ហើយការបាញ់គ្នាបានបន្តរហូតដល់ម៉ោង៧:៥០នាទីល្ងាច។
សាកសពកងកម្លាំងសន្តិសុខដែលស្លាប់មិនទាន់បានយកចេញពីកន្លែងកើតហេតុនៅឡើយទេ ដោយសារតែការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ហើយងងឹត។
មន្ត្រីដែលរបួស៦នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព និងបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ។
ប្រភពបានបន្ថែមថា កងទ័ពព្រំដែនចំនួន២ក្រុមត្រូវបានបញ្ចូនទៅគាំទ្រទាហានដែលគេដាក់ឲ្យឈជើង ចំណែកឯកាំភ្លើងធំត្រូវបានបាញ់ទៅលើចំនុចដែលគេសង្ស័យថាជាទីតាំងរបស់ពួកសកម្មប្រយុទ្ធ។
ប្រភពបានបន្ថែមថា របាយការណ៍បឋមបានបង្ហាញថា ពួកសកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួស បើទោះបីជាមិនទាន់រកឃើញសាកសពឬពួកសកម្មប្រយុទ្ធដែលរងរបួសនៅឡើយក៏ដោយ។
ប្រភពបានបន្ថែមថា ចាស់ទំក្នុងស្រុកបានធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីជួយយកសាកសពទាហានចេញ៕









