ស្លាប់២នាក់ របួស៥នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ សមាជិកហេបូឡា២នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានជាតិលីបង់។

យ៉ោងតាមភ្នាក់ងារបានឲ្យដឹងថា ការវាយប្រហារតាមអាកាសលើទីក្រុងឌឺដហ្គាយ៉ាក្នុងស្រុកថាយបានសម្លាប់មនុស្សម្នាក់។

ទទឹមនឹងនេះផងដែរ ក្រសួងសុខាភិបាលបានប្រកាសថា “ការវាយប្រហារតាមអាកាសរបស់សត្រូវ”  លើតំបន់មួយដែលនៅចន្លោះភូមិឃឺបែតសែម និងភូមិឃេហ្វាដូនិន ក្នុងស្រុកប៊ីនច្បែល បានសម្លាប់មនុស្សម្នាក់ និងរបួស៥នាក់ផ្សេងទៀត។

ប្រភពពីខាងសន្តិសុខលីបង់បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស២នាក់ដែលត្រូវបានសម្លាប់នោះគឺជាសមាជិកក្រុមហេបូឡា។

ខាងយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារ និងសម្លាប់ពួកសកម្មប្រយុទ្ធហេបូឡាម្នាក់នៅតំបន់បាហ្សូរីយ៉េភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការរំលោភបំពានម្តងហើយម្តងទៀតលើបទឈប់បាញ់ដោយក្រុមហេបូឡា។

យោធាបានបន្ថែមថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើទីតាំងក្រុមហេបូឡា នៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់កាលពីព្រឹកថ្ងៃអាទិត្យផងដែរ។

កងទ័ពអ៊ីស្រាអែលបានវាយប្រហារតាមអាកាសជាញឹកញាប់នៅក្នុងប្រទេសលីបង់ ដោយអះអាងថាពួកគេមានគោលបំណងលុបបំបាត់ការគំរាមកំហែងរបស់ក្រុមហេបូឡា បើទោះបីជាបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងបារាំងរវាងក្រុមហេបូឡា និងអ៊ីស្រាអែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here