ប្រទេសនីហ្សេរីយ៉ា៖ ខាងយោធាបាននិយាយកាលពីថ្ងៃចន្ទ ទី២១ ថា ទាហាននីហ្សេរីយ៉ាបានជួយសង្គ្រោះជនរងគ្រោះ ២៣នាក់ដែលត្រូវបានចាប់ជំរិត អំឡុងពេលប្រត្តិបត្តិការប្រឆាំងភេរវកម្មដាច់ដោយឡែកពីគ្នានៅទូទាំងតំបន់រដ្ឋាបាលមូលដ្ឋានចំនួន ៣ ក្នុងរដ្ឋសូកូថូ (Sokoto) នៅភាគពាយ័ព្យប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក អាលីយុ ដេនចា (Aliyu Danja) អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះដឹកនាំដោយយោធាប្រចាំតំបន់ភាគខាងជើងបាននិយាយថា ប្រតិបត្តិការទាំងនេះបានធ្វើឡើងនៅក្នុងតំបន់ប្រជុំជនវ័រនូ(Wurno) តំបន់សាប៊ុន បៀរនី (Sabon-Birni) និងតំបន់រដ្ឋាភិបាលអ៊ីសា (Isa) កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។
សមាជិកជនសង្ស័យ ៤នាក់របស់ក្រុមភេរវករឡាគូរ៉ាវ៉ា (Lakurawa) ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមទាហានបានឆ្លើយតបទៅនឹងការអំពាវនាវសុំជំនួយបន្ទាន់ និងបានទប់ស្កាត់ការវាយប្រហារមួយនៅក្នុងតំបន់ប្រជុំជនសាប៊ុន ហ្ការ៉ី (Sabon Gari) ដែលជាសហគមន៍មួយ ក្នុងតំបន់វ័រណូ (Wurno)។ តាមការចោទប្រកាន់ ក្រុមភេរវករបានបើកការបាញ់ប្រហារជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងរត់ភៀសខ្លួន។ លោក ដាន ចា (Danja) បាននិយាយថា នៅក្នុងតំបន់សាប៊ុន បៀរនី (Sabon-Birni) យោធាបានធ្វើប្រតិបត្តិការវាយឆ្មក់ចូលដោយផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បីប្រឆាំងនឹងក្រុមភេរវករដែលសង្ស័យថាកំពុងផ្លាស់ទីពីទីតាំងមួយទៅទីតាំងមួយទៀត។
លោក ដាន ចា (Danja) បានបញ្ជាក់ថា ប្រតិបត្តិកាទាំងនេះរបានបង្ហាញពីប្រសិទ្ធភាពនៃការវាយឆ្មក់ចូលរបស់យោធាដែលមានការរៀបចំទុកជាមុន និងផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ក្នុងការរំខានដល់សកម្មភាពរបស់ក្រុមភេរវករ និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ជំរិត។ លោកបានបន្ថែមថា កងទ័ពនីហ្សេរីយ៉ានឹងបន្តដាក់សម្ពាធលើក្រុមភេរវករ និងការពារសហគមន៍នានា ដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦










