ប្រទេសតួកគី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសប្រឆាំងភេរវកម្មតួកគីបានឃាត់ខ្លួនជនបរទេស ១១នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (Islamic State) និងក្រុមអាល់កៃដា (al-Qaida) ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហ្បតិ៍ ទី២៤ ខែកញ្ញា។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋអាណាដូឡូ (Anadolu) ប៉ូលិសបានបើកប្រតិបត្តិការក្នុងពេលដំណាលគ្នានៅទីតាំងជាច្រើន បន្ទាប់ពីបានកំណត់អត្តសញ្ញាណរបស់ជនសង្ស័យអំពីទំនាក់ទំនងជាមួយសមាជិកនៃក្រុមភេរវករទាំងពីរ នៅក្នុងតំបន់មានជម្លោះ។
អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថា បានបង្ហោះខ្លឹមសារលើបណ្ដាញសង្គមដែលលើកសរសើរដល់អង្គការភេរវករ ហើយត្រូវបានគេវាយតម្លៃថា អាចមានសមត្ថភាពធ្វើការវាយប្រហារដែលមានគោលដៅលើក្នុងប្រទេសតួកគី។ ក្នុងអំឡុងពេលវាយឆ្មក់ចូលទីតាំងទាំងនោះ ប៉ូលិសបានរឹបអូសកាំបិត១ដើម គ្រឿងផ្ទុះ និងសម្ភារៈឌីជីថលជាច្រើន។ គេមិនទាន់បង្ហាញសញ្ជាតិរបស់ជនសង្ស័យទាំង ១១នាក់នៅឡើយទេ។ គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ជាអង្គការភេរវកម្មតាងពីឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក ប្រទេសមួយនេះប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ ដែលត្រូវបានគេអះអាងថាធ្វើឡើងដោយក្រុមនេះ ឬក្រុមដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦










