ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករចំនួន ៨នាក់ ក្នុងនោះ មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ នៅក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមបញ្ជាក់របស់យោធាកាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា។ បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) បានឱ្យដឹងថា កងកម្លាំងសន្តិសុខបាននិងកំពុងធ្វើប្រតិបត្តិការនៅតាមតំបន់ផ្សេងៗក្នុងខេត្តបាឡូជីស្ថាន ព្រមទាំងធ្វើការល្បាតតាមបណ្តោយផ្លូវជាតិ ក្វេតា-តាហ្វតាន (Quetta-Taftan) ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងតំបន់។
អំឡុងពេលប្រតិបត្តិការមួយនៅក្នុងតំបន់កូលផួរ កងកម្លាំងបានសម្លាប់ក្រុមភេរវករចំនួន ៨នាក់ និងរឹបអូសបានអាវុធ និងគ្រាប់រំសេវជាច្រើន។សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រោយមក ក្រុមភេរវករបានប្រើប្រាស់ដ្រូនប្រដាប់អាវុធប្រភេទពហុរ៉ូទ័រ (Quadcopter) ដើម្បីវាយប្រហារលើយានយន្តយោធាដែលកំពុងធ្វើការល្បាត បណ្តាលឱ្យមន្ត្រីកងទ័ពម្នាក់ និងទាហានម្នាក់ទៀតស្លាប់ខាងយោធាបានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតនៅក្នុងតំបន់នេះកំពុងបន្ត ដើម្បីកម្ចាត់ ការគំរាមកំហែងពីក្រុមភេរវករដែលនៅសេសសល់។ ប្រភពបានបន្ថែមថា ក្រុមភេរវករកំពុងបង្កើនការប្រើប្រាស់ដ្រូន ឧបករណ៍បំផ្ទុះកែច្នៃ និងបច្ចេកទេសផ្សេងទៀត ដើម្បីវាយប្រហារលើជនស៊ីវិល និងមន្រ្តីសន្តិសុខ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ប៉ាគីស្ថាន នឹងបន្តប្រតិបត្តិការប្រឆាំងភេរវកម្ម ដោយប្ដេជ្ញាលុបបំបាត់អំពើភេរវកម្ម ដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅក្នុងខេត្តនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦










