ប្រទេសប៉ាគីស្ថាន៖ ប្រភពពីប៉ូលិសបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមយោធាប៉ារ៉ារ៉េងជ័រ (Rangers) ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើកងកម្លាំងសន្តិសុខនៅក្នុងទីក្រុងរ៉ាវ៉ាឡាកុត នៅតំបន់កាស្មៀ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសមានខ្លឹមសារថា អ្នកវាយប្រហារបានបាញ់ប្រហារដោយមិនរើសមុខទៅលើមន្រ្តីអនុវត្តច្បាប់នៅម៉ោងប្រហែល ១០ និង៣០នាទីព្រឹកម៉ោងក្នុងស្រុក។ អគ្គនាយករងនៃកងកម្លាំងរ៉េងជ័រ (Ranger) លោក បាកាត អាលី (Barkat Ali) ត្រូវបានបាញ់ចំក្បាល ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យយោធា។
ប៉ូលិសបានឲ្យដឹងថា កងកម្លាំងសន្តិសុខបានបាញ់តបតវិញ និងបានសម្លាប់ខ្មាន់កាំភ្លើងចំនួន ៤នាក់។ ប្រតិបត្តិការនៅក្នុងតំបន់នោះកំពុងបន្តនៅឡើយ។ ក្នុងសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតថាក្រុមណាមួយនៅពីក្រោយការវាយប្រហារនេះទេ។ តំបន់ជ្រលងរ៉ាវ៉ាឡាកុត (Rawalakot) បានប្រឈមនឹងភាពវឹកវរអស់រយៈពេលជាច្រើនខែមកហើយ ហើយអាជ្ញាធរបានហាមឃាត់ក្រុមប្រឆាំងតវ៉ាក្នុងតំបន់មួយឈ្មោះថា គណៈកម្មាធិការសកម្មភាពសាធារណៈរួមចាមមូ និងកាស្មៀរ (Jammu Kashmir Joint Awami Action Committee) បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងខ្លាកាលពីខែមិថុនា៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦










