Saturday, November 21, 2026

ឥណ្ឌូនេស៊ីចាប់ខ្លួនជនសង្ស័យជាសកម្មប្រយុទ្ធ ១៥នាក់នៅខេត្តទូទាំងចំនួន ៦

0

ប្រទេសឥណ្ឌូនេស៊ី៖ យោងតាមការបញ្ជាក់របស់ប៉ូលិសកាលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន ១៥នាក់ នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់នៅទូទាំងខេត្តចំនួន ៦ ដោយផ្ដោតលើបណ្តាញដែលមានទំនាក់ទំនងជាមួយ អង្គការជ្រុលនិយមមួយចំនួន។ ​អ្នក​នាំ​ពាក្យ​កងកម្លាំងពិសេសប្រឆាំងភេរវកម្ម (Detachment 88) លោក ម៉េនដ្រា អេកា វ៉ាដហាណា​ (Mayndra Eka Wardhana) បានឲ្យដឹងថា ការចាប់ខ្លួនទាំងនេះត្រូវបានធ្វើឡើង ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅក្នុងខេត្តអាសេហ (Aceh) ខេត្តស៊ូម៉ាត្រាខាងលិច(Sumatra) ខេត្តរីអូ (Riau) តំបន់ចាវ៉ាខាងលិច តំបន់ចាវ៉ាកណ្តាល (Java) និងតំបន់នូសា ថេកការ៉ា ខាងលិច (West Nusa Tenggara) ។

ក្រុមជនសង្ស័យត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម រួមមានក្រុមអ៊ីស្លាមឥណ្ឌូនេស៊ីណេហ្ការ៉ា (Negara Islam)​ ក្រុមចាម៉ាហ អានស្ហារ៉ូត ដូឡាហ(Jamaah Ansharut Daulah) និងក្រុមអានស្ហ័រ ដោឡាហ (Anshor Daulah)។ ប៉ូលិសបានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវបានគេសង្ស័យថា បានចូលរួមក្នុងការផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ការជ្រើសរើសសមាជិក ការប្រមូលជំនួយ និងការរៀបចំវគ្គបណ្តុះបណ្តាលដែលពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។ លោក ម៉ាយិនដ្រា (Mayndra) បានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងត្រួតពិនិត្យលើលទ្ធភាពនៃទំនាក់ទំនងរបស់ជនសង្ស័យទាំងនេះជាមួយបណ្តាញជ្រុលនិយម និងបុគ្គលផ្សេងទៀត។លោកក៏បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃមនោគមជ្រុលនិយម និងការឃោសនាពាក់ព័ន្ធនឹងភេរវកម្ម ជាពិសេសតាមរយៈប្រព័ន្ធឌីជីថល និងបណ្ដាញសង្គម៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here