ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦
ជនភៀសខ្លួនគ្រិស្ដសាសនិកពីប្រទេសស៊ីរីបានអះអាងថាពួកគេបានឃើញអតីតសមាជិកក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS រស់នៅក្នុងទីក្រុង Frankfurt។ ប៉ូលីសបានធ្វើការស៊ើបអង្កេតប៉ុន្តែបដិសេធមិនប្តឹងចាប់ខ្លួនដោយសារតែភេរវករមិនបានប្រព្រឹត្តអំពើឧក្រិដ្ឋនៅក្នុងប្រទេសអាឡឺម៉ង់ឡើយ។ ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់ទៅកាន់តំបន់ Saarland ប្រទេសអាឡឺម៉ង់នៅលើព្រំដែនប្រទេសបារាំង អ្នកយកព័ត៌មាន RT លោក Peter Oliver បានជួបជាមួយនឹងក្រុមគ្រីស្ទានអាស្ស៊ីរី (Assyrian Christians) ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នោះ។ ពួកគេបានរំលឹកឡើងវិញថាខណៈដែលពួកគេត្រូវចាប់ខ្លួនដោយក្រុម IS នេះគឺរឿងតែមួយគត់ដែលពួកគេអធិដ្ឋានសុំអោយក្រុមនេះបាញ់សម្លាប់ពួកគេជៀជាងការកាត់ក្បាល។ សហគមន៍ដដែលនោះ ពេលនេះកំពុងរស់នៅក្នុងទីក្រុង Saarlouis និយាយថាភាពរន្ធត់នៃបទពិសោធន៍ទាំងនោះបានដិតជាប់អារម្មណ៍ពួកគេជានិច្ចបន្ទាប់ពីពួកគេបានឃើញថាបុរសដែលពួកគេនិយាយថាមានទំនាក់ទំនងទៅនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កំពុងរស់នៅក្នុងចំណោមពួកគេនោះ។ ជនភៀសខ្លួនម្នាក់ដែលយល់ព្រមផ្តល់ព័ត៌មានមកអោយ RT ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថាលោកច្បាស់ថាបុរសម្នាក់ដែលរស់នៅក្នុងក្រុងនោះគឺជាសមាជិករបស់ក្រុមឧទ្ទាម IS ដែលគាត់បានជួបនៅប្រទេសស៊ីរី។