ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦
ប្រទេសម៉ាឡេស៊ីបាននិយាយថាខ្លួននឹងបញ្ជូនក្រុមស៊ើបអង្កេតនៅថ្ងៃថ្ងៃចន្ទនេះ ដើម្បីពិនិត្យមើលបំណែកកាកសំណល់ដែលបានប្រទះឃើញនៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសថៃដែលអាចជាប់ទាក់ទងទៅនឹងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ខ្លួនជិតពីរឆ្នាំមកហើយ។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Liow Tiong Lai បាននិយាយនៅថ្ងៃអាទិត្យនេះថាអាជ្ញាធរថៃបានអញ្ជើញអ្នកស៊ើបអង្កេតរបស់ខ្លួនបន្ទាប់ពីបានប្រទះឃើញដុំបំណែកពណ៌សដ៏ធំមួយរាងកោងធ្វើអំពីលោហៈធាតុដោយអ្នកនេសាទម្នាក់នៅក្នុងប្រទេសថៃនៃខេត្ត Nakhon Si Thammarat។ លោកបានថ្លែងកាលពីថ្ងៃអាទិត្យថា “ខ្ញុំសូមជំរុញឱ្យអ្នកគ្រប់គ្នាកុំចេះតែស្មានទៅលើបំណែកដែលបានរកឃើញនៅក្នុងប្រទេសថៃ។ សូមរង់ចាំអ្នកជំនាញមកបញ្ជាក់ឲ្យបានលម្អិត” ។ យន្តហោះប្រភេទ MH៣៧០ បានបាត់ខ្លួនបន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៤ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងដែលមានមនុស្ស ២៣៩នាក់ជិះក្នុងនោះ។ ជាច្រើនខែនៃការស្វែងរកពីលើអាកាស និងសមុទ្រដែលមានចម្ងាយរាប់ពាន់ម៉ាយការ៉េនៃភាគខាងត្បូងមហាសមុទ្រឥណ្ឌាតែពុំឃើញដាននៃយន្តហោះនោះទេ។ កាលពីខែកក្កដាឆ្នាំ ២០១៥ បំណែកមួយនៃស្លាបយន្តហោះបានរកឃើញនៅក្បែរឆ្នេរនៃទីប្រជុំកោះបារាំង។ មួយសប្តាហ៍ក្រោយមកលោកនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក Najib Razak បានបញ្ជាក់ថាវាចេញពីយន្តហោះដែលបានបំផ្លាញចោលបន្ទាប់ពីក្រុមអ្នកវិភាគនៅប្រទេសបារាំង បានផ្គូផ្គងបំនែកនៃយន្តហោះនោះ។ ទីប្រជុំកោះនេះគឺមានចម្ងាយជាង ៣.០០០ម៉ាយនៃភាគនិរតីនៃទីកន្លែងដែលជនជាតិថៃបានប្រទះឃើញកំទេចកំទីយន្តហោះ។ លោក Greg Waldron និពន្ធនាយកគ្រប់គ្រងតំបន់អាស៊ី នៃ Flightglobal បានប្រាប់ទីភ្នាក់ងារសារពត៌មាន Reuters ថាកំទេចកំទីក្នុងប្រទេសថៃ “អាចឃើញថាវាមិនស៊ីគ្នាជាមួយនឹងម៉ូដែលនោះទេ។ លោកបន្តទៀតថាបំណែកកាកសំណល់ដូចជាកំទេចបំណែកគ្រាប់រ៉ូកែត ឬឧប្បករណ៍នៃយន្តហោះ”។ សារពត៌មានជាតិប្រទេសថៃបានរាយការណ៍ថា លេខសៀរៀលនៅលើកំទេចកំទីរបស់យន្តហោះបានបង្ហាញថាជារបស់យន្តហោះ Boeing ៧៧៧ ដែលដូចគ្នានឹងម៉ូដែល MH៣៧០ ប៉ុន្តែមិនច្បាស់ថាវាជាយន្តហោះដូចគ្នាឬយ៉ាងណានោះទេ។