ប្រទេសស៊ីរី៖ មនុស្ស ២២នាក់ស្លាប់ និងជាង ១០០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកដែលអះអាងធ្វើឡើងដោយក្រុម ISIS នៅក្នុងទីក្រុង Homs

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ​ មករា ឆ្នាំ ២០១៦

យោងតាមទូរទស្សន៍រដ្ឋប្រទេសស៊ីរីអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ២២នាក់បានស្លាប់និងជាង ‌១០០នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកភេរវកម្ម ២ដងនៅក្នុងទីក្រុងហូម (Homs) ប្រទេសស៊ីរី។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ យោងតាមអភិបាលខេត្តលោក Talal al-Barazi ការផ្ទុះ ២ដងបានកើតឡើងនៅក្នុងតំបន់ Al-Zahra។ លោកនិយាយថាដំបូងរថយន្តដែលផ្ទុកគ្រឿងផ្ទុះមួយគ្រឿងបានផ្ទុះឡើងនៅទីដែលមានប្រជាជនកកកុញមួយកន្លែងបន្ទាប់មកជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀតក៏បានបំផ្ទុះខ្លួនឯងឡើងនៅជិតចំណុចដដែលនេះ។ លោក Barazi និយាយថាគោលបំណងរបស់ក្រុមភេរវករគឺប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងសន្តិសុខស៊ីរី។ លោកបន្ថែមថាក្នុងចំណោមអ្នកស្លាប់ទាំងអស់មានសមាសភាពមន្រ្តីប៉ូលីសដែលមានកាតព្វកិច្ចមួយចំនួនតែភាគច្រើននៃជនរងគ្រោះគឺជនស៊ីវិល។ សារព័ត៌មាន SANA រាយការណ៍ថាការផ្ទុះនេះបណ្តាលឲ្យអគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងតំបន់មានការខូចខាត។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាកាលពីចុងខែមុនភេរវករ​ ២នាក់បានវាយប្រហារតំបន់ Al-Zahra ដោយសម្លាប់ជនស៊ីវិល ១៩នាក់ និងជាង ៤០នាក់ទៀតរងរបួស។

ISIS 27-01-16