មេរោគ Zika រីករាលដាលនៅក្នុងតំបន់អឺរ៉ុប៖ មនុស្សតំបូងដែលធ្វើតេស្តឃើញវិជ្ជមានជាជនជាតិដាណឺម៉ាក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ​ មករា ឆ្នាំ ២០១៦

យោងតាមការផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរបស់ដាណឺម៉ាកបានបញ្ជាក់ឱ្យដឹងថាជនជាតិដាណឺម៉ាកម្នាក់បានរកឃើញថាមានលទ្ធផលវិជ្ជមានពីការធ្វើតេស្តរកវីរុស Zika ដោយវីរុសនេះបង្ករឡើងដោយសត្វមូសអាចបណ្តាលឱ្យកុមារមានពិការភាពពីកំណើតធ្ងន់ធ្ងរ។ នេះជាករណីថ្មីមួយទៀតដែលបានកើតឡើងក្រោយពីប្រទេសអ៊ីតាលី អង់គ្លេស អេស្ប៉ាញ និងប្រទេសស្វីស ដែលត្រូវបានរកឃើញមនុស្សជាច្រើននាក់បានឆ្លងមេរោគនេះរូចមកហើយ។ ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមទៀតថា ភ្ញៀវទេសចរជនជាតិដាណឺម៉ាកបានឆ្លងជំងឺនេះ ខណៈដែលកំពុងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូង និងកណ្តាលអាមេរិច ដែលជាកន្លែងដែល Zika រីករាលដាល។ ឥឡូវនេះអ្នកជំងឺបានទទួលការព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងក្រុង Aarhus ដែលជាទីក្រុងធំទីពីររបស់ប្រទេសដាណឺម៉ាក។ ជនជាតិដាណឺម៉ាករូបនេះបានមកដល់នាយកដ្ឋានជំងឺឆ្លង (Department of Infectious Diseases) ដោយមានរោគសញ្ញាដូចជាជំងឺផ្តាសាយ ដោយមានអាការដូចជា គ្រុនក្តៅ ឈឺក្បាល និងឈឺសាច់ដុំក្រោយពីការធ្វើតេស្តបានបង្ហាញថាអ្នកជំងឺបានឆ្លងមេរោគវីរុស Zika។ យ៉ាងណាមិញការឆ្លងមេរោគនេះកំពុងតែមានការកើនឡើងនៅទូទាំងពិភពលោក ហើយដែលករណីឆ្លងជាច្រើនបានកើតមានឡើងរួចមកហើយនៅក្នុងទ្វីបអឺរ៉ុប។ កាលពីថ្ងៃអង្គារប្រទេសអ៊ីតាលីបានរាយការណ៍ពីករណីឆ្លងមេរោគមួយចំនួនថាមនុស្សទាំងអស់ដែលបានឆ្លងជំងឺថ្មីនេះ ទើបតែវិលត្រឡប់មកពីអាមេរិកឡាទីន និងការីបៀន។ លើសពីនេះទៀតករណីចំនួនពីរផ្សេងទៀតត្រូវបានរាយការណ៍ក្នុងប្រទេសអេស្ប៉ាញរួមទាំងចំនួនបីករណីទៀតនៅចក្រភពអង់គ្លេស និងពីរករណីទៀតនៅក្នុងប្រទេសស្វ៊ីស។ មេរោគ Zika បានឆ្លងតាមរយៈមូសខាំ និងត្រូវបានគេរកឃើញនៅក្នុងទឹកកាមរបស់មនុស្ស ប៉ុន្តែវាមិនអាចឆ្លងតាមរយៈទំនក់ទំនងរបស់មនុស្សទេ។ រោគសញ្ញារបស់វាគឺមានកម្រិតស្រាលដូចជា៖ គ្រុន កន្ទួលក្រហម ឈឺសន្លាក់ និងក្រហម ភ្នែក រមាស់ជាដើម។ ចំណែកឯស្ត្រីមានផ្ទៃពោះគឺភាគច្រើនស្ថិតក្នុងហានិភ័យព្រោះមេរោគដែលបានជ្រៀតចូលក្នុងផ្ទៃនឹងធ្វើឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កំណើតរបស់ទារក ។ នៅសប្តាហ៍នេះ Zika ត្រូវបានអន្តជាតិចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែការកើនឡើងជាបន្តបន្ទាប់នៃការឆ្លងជំងឺនេះ ។

Zika Europ 28-01-16