ប្រទេសនីហ្សេរីយ៉ា៖ ១៣នាក់ស្លាប់ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៣លើកក្នុងទីក្រុង Chibok

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៧ ខែ​ មករា ឆ្នាំ ២០១៦

អ្នកស្រុកបានអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ១៣នាក់ស្លាប់និង ៣០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារអត្តឃាតបំផ្ទុះគ្រាប់បែកចំនួន ៣លើកនៅក្រុង Chibok ប្រទេសនីហ្សេរីយ៉ា ដែលទីនេះក៏ជាកន្លែងដែលក្រុមបូកូហារាម (Boko Haram)​ ចាប់ពង្រត់សិស្សសាលាជាង ២០០នាក់កាលពីឆ្នាំ ២០១៤។ លោក Bitrus Aboki ជនស៊ីវិលដែលជួយដល់ក្រុមយោធាការពារទីក្រុងប្រឆាំងនឹងក្រុមបូកូហារាម (Boko Haram) បានអោយដឹងថាក្នុងចំណោមមនុស្ស ៣០នាក់ដែលរងរបួសក្នុងនោះមនុស្ស ២១នាក់ រងរបួសធ្ងន់ធ្ងរ។ ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២លើកបានវាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនិងទីផ្សារក្នុងស្រុកមួយកន្លែង ហើយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀតបានព្យាយាមបំផ្ទុះគ្រាប់បែកលើកទីបីខណៈដែលត្រូវប្រជាពលរដ្ឋតាមប្រហារ។ លោក Dazzban Mutah Buba បុគ្គលិកពេទ្យម្នាក់ក្នុងក្រុង Chibok និយាយថា “ភាគច្រើននៃជនរងគ្រោះក្នុងចំណោមការវាយប្រហារទាំង ៣នេះគឺចេញពីទីផ្សារដែលមានមនុស្ស ១១ នាក់បានស្លាប់”។ លោក Buba បន្តថា “ជនរងគ្រោះ ២នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីពេទ្យ ហើយជនដែលរងរបួស ៩នាក់ផ្សេងទៀតត្រូវបានព្យាបាលនិងត្រឡប់ទៅកាន់ទីលំនៅវិញដោយសារតែរបួសរបស់ពួកគេស្រាល ប៉ុន្តែជនរងគ្រោះដែលនៅសល់ ២១នាក់នោះត្រូវសំរាកក្នុងមន្ទីរពេទ្យដោយសារតែសភាពរបួសរបស់ពួកគេធ្ងន់ធ្ងរ”។ លោក Aboki បានឱ្យដឹងថាការបំផ្ទុះគ្រាប់បែកលើកដំបូងគោលដៅលើប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយកន្លែងនៅខាងក្រៅទីក្រុងនោះគឺធ្វើឡើងដោយក្មេងប្រុសម្នាក់បានបំផ្ទុះគ្រាប់បែកនៅពេលដែលពួកទាហាននិងជនស៊ីវិលកំពុងស្វែងរកយានជំនិះ និងមានអ្នកដំណើរជាច្រើនចូលក្រុងនោះ។ ការបំផ្ទុះលើកទី ២ គឺធ្វើឡើងដោយស្រ្តីម្នាក់នៅកណ្តាលទីផ្សារខណៈដែលពាណិជ្ជករកំពុងមមារញឹកជាមួយអតិថិជន។ ហើយការបំផ្ទុះលើកទីបីនោះគឺធ្វើឡើងដោយស្រ្តីម្នាក់ទៀត ខណៈដែលអ្នកស្រុកព្យាយាមចាប់ខ្លួននោះ។

Nigeriya 28-01-16