ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦
ពួកសកម្មប្រយុទ្ធបូកូហារ៉ាម (Boko Haram) បានសម្លាប់មនុស្ស ៨៦នាក់ រួមទាំងកុមារផងដែរក្នុងការវាយប្រហារថ្មីរបស់ពួកគេមកលើភូមិមួយកន្លែងនៅភាគឦសានប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសៅរ៍។ សារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់ព័ត៌មានចេញពីអ្នកនៅរស់រានមានជីវិតនិងទាហាននៅកន្លែងកើតហេតុថាការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍នៅជាយក្រុង Maiduguri ប្រទេសនីហ្សេរីយ៉ាដែលជាស្រុកកំណើតរបស់ក្រុមបូកូហារាមនេះមានរយៈពេលជាច្រើនម៉ោងដោយគោលដៅមកលើភូមិនិងជំរំជនភៀសខ្លួនចំនួន ២៥.០០០នាក់។ មន្រ្តីបានបញ្ជាក់ថារហូតមកដល់រសៀលថ្ងៃអាទិត្យគេប្រមូលបានសាកសពចំនួន ៨៦នាក់ ហើយជនរងគ្រោះ ៦២នាក់ផ្សេងទៀតទទួលបានការព្យាបាលពីការរលាកភ្លើង។ សារព័ត៌មាន AP បានរាយការណ៍ពីការរៀបរាប់របស់សាក្សីដែលនៅរស់រានមានជិវិតថាក្រុមប៉ះបោរបូកូហារ៉ាមបានវាយប្រហារគ្រាប់បែកមកលើផ្ទះរបស់ប្រជាពលរដ្ឋ។ បុរសម្នាក់ដែលនៅរស់រានមានជីវិតបាននិយាយថាលោកបានឮសំឡេងស្រែករបស់កុមារដែលស្លាប់ដោយការដុតទាំងរស់។ សាក្សីផ្ទាល់ភ្នែកដែលបាត់បង់សមាជិកក្រុមគ្រួសារក្នុងការវាយប្រហារនេះបាននិយាយប្រាប់ AP ថាការបាញ់ប្រហារនិងដុតបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់និងបន្តអស់រយៈពេលជិត ៤ម៉ោង។ បន្ទាប់ពីអ្នកភូមិជាច្រើនត្រូវបានសម្លាប់នៅភូមិ Dalori ក្រុមបូកូហារ៉ាមបានកំណត់គោលដៅវាយប្រហារភូមិ Gamori ដែលមានស្រ្តីបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់បានបំផ្ទុះខ្លួនឯងឡើងក្នុងចំណោមហ្វូងមនុស្សដែលរត់គេចផុតពីការវាយប្រហារលើកដំបូងនោះ។ អ្នកនៅរស់រានមានជីវិតបានស្តីបន្ទោសដល់កងទ័ពយោធាដែលមានភាពយឺតយាវក្នុងការមកជួយសង្រ្គោះនោះ។ កងទ័ពដំបូងដែលបានមកដល់ភូមិ Dalori មិនអាចយកឈ្នះលើការវាយប្រហារបានទេខណៈដែលពួកភេរវករបានរៀបចំខ្លួនទុករួចជាស្រេចនោះ។ ក្រុមឈ្លានពានជ្រុលនិយមបានដកថយនៅពេលដែលការបញ្ជូនអាវុធធុនធ្ងន់មកដល់។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុម Boko Haram បើកការវាយប្រហារគ្រាប់បែកភ្លោះដែលឆក់យកជីវិតមនុស្ស ១៥នាក់ ក្នុងរដ្ឋ Adamawa នៅភាគឦសានប្រទេសនីហ្សេរីយ៉ានេះ។