ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៦
មន្រ្តីប៉ូលីសបានអោយដឹងថាជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯង និងសម្លាប់មនុស្ស ២០នាក់នៅទីស្នាក់ការកណ្តាលរបស់ប៉ូលីសក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ក្រសួងមហាផ្ទៃបញ្ជាក់ថាយ៉ាងហោចណាស់មានមនុស្ស ២៩នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះនេះ។ សេចក្តីរាយការណ៍មួយចំនួនបានបង្ហាញថាភាគច្រើននៃអ្នកស្លាប់និងរងរបួសជាមន្រ្តីប៉ូលីស ប៉ុន្តែយោងតាមរបាយការណ៍មុននេះនិយាយថាភាគច្រើននៃអ្នកស្លាប់គឺជាជនស៊ីវិល។ ពួកតាលីបង់បាននិយាយថាពួកគេជាអ្នកអនុវត្តការបំផ្ទុះគ្រាប់បែកនេះដែលជាការវាយប្រហារក្នុងក្រុងកាប៊ុលនិងនៅកន្លែងផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការវាយប្រហារកាលពីថ្ងៃចន្ទកើតឡើងនៅច្រកចូលនៃទីស្នាក់ការកណ្តាលនគរបាលជាតិដែលជាអង្គភាពមួយមានតួនាទីប្រយុទ្ធប្រឆាំងនិងពួកតាលីបង់។ ក្រុមមន្រ្តីនិយាយថាជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងក្នុងរថយន្ត ប៉ុន្តែក្រោយមកនិយាយថាជនភេរវករនេះបានបន្លំខ្លួនដើរជាមួយហ្វូងមនុស្សចូលទៅក្នុងស្ថានីយ៍ប៉ូលីស។ ការបំផ្ទុះគ្រាប់បែកធ្វើឡើងក្រោយការវាយប្រហារក្នុងខែមករាដែលបានសម្លាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ Tolo ចំនួន ៧នាក់ក្នុងក្រុងកាប៊ុល ព្រមទាំងការវាយប្រហារជាច្រើនផ្សេងទៀតនៅក្បែរបេសកកម្មការទូតបរទេស។ មានការរំពឹងទុកថាការវាយប្រហារមានគោលបំណងបង្ករអស្ថិរភាពដើម្បីស្តារការចរចាសន្តិភាពជាមួយពួកតាលីបង់។