ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៦
មន្ត្រីអាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិកបានអោយដឹងថាមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានដែលបានបំផ្លាញស្ថានីយ៍វិទ្យុមួយរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS។ មន្រ្តីដដែលនិយាយថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងស្រុក Achin មកលើស្ថានីយ៍វិទ្យុ “សម្លេងអ្នកនាំសាររបស់ព្រះ” ដែលដំណើរការដោយក្រុមរដ្ឋអ៊ីស្លាម IS។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានពង្រីកខ្លួនចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំមុននិងចាប់ផ្តើមដំណើរការស្ថានីយ៍វិទ្យុ FM មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញសមាជិកថ្មី។ ពួកគេក៏បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងអាហ្វហ្គានីស្ថានព្រមទាំងក្រុមសកម្មប្រយុទ្ធតាលីបង់ដែលជាដៃគូរប្រជែងរបស់ក្រុមនេះផងដែរ។ ការវាយប្រហារធ្វើឡើងកាលពីថ្ងៃចន្ទវេលាម៉ោង ១៩:០០នាទីដល់ម៉ោង ២០:០០នាទីម៉ោងក្នុងស្រុក (១៤:៣០នាទីដល់ម៉ោង ១៥:៣០នាទី)។ យន្តហោះគ្មានមនុស្សបើកចំនួន ៤គ្រឿងបានវាយប្រហារស្ថានីយវិទ្យុមជ្ឈមណ្ឌលគ្រប់គ្រងប្រពន្ឋ័អ៊ីនធឺណេត និងគោលដៅរបស់ក្រុមនេះមួយចំនួនទៀត។ សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចំនួន ២១នាក់រួមទាំងបុគ្គិលិកកំពុងដំណើរការស្ថានីយ៍វិទ្យុនេះចំនួន ៥នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។