ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៦
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងស្រុកមួយបានរាយការណ៍ថាមានជនស៊ីវិលចំនួន ១៥នាក់ស្លាប់ និង ៥៨នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែតរបស់ក្រុមសកម្មប្រយុទ្ធមកលើតំបន់លំនៅដ្ឋានក្នុងទីក្រុង Daraa ភាគខាងត្បូងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន RIA វេជ្ជបណ្ឌិតពីមន្ទីរពេទ្យបានថ្លែងថា “ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥នាក់ខណៈដែលជនរងគ្រោះ ៥៨នាក់រួមទាំងកុមារផងនោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ មានមនុស្សចំនួន ៨នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។ គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះមានមនុស្សម្នាក់ត្រូវបានគេសម្លាប់នៅក្នុងទីក្រុង Daraa នៅក្នុងតំបន់ដូចគ្នានិងមានមនុស្ស ២០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានទាំងកុមារចំនួន ៣នាក់ផងដែរ។ ទន្ទឹមនឹងនេះក្រុមសកម្មប្រយុទ្ធ Jaish Al-Islam បានវាយប្រហារគ្រាប់រ៉ូកែតនិងកាំភ្លើងត្បាល់មកលើនៅតំបន់ជាយក្រុងមួយកន្លែងក្នុងរដ្ឋដាម៉ាសដោយមួយគ្រាប់បានធ្លាក់មកលើវិទ្យាល័យមួយដែលធ្វើអោយសមាជិកបុគ្គលិក ៣នាក់រងរបួស នេះបើយោងតាមប្រភពពីប៉ូលីសដែលលើកឡើងដោយសារព័ត៌មាន SANA។ កងទ័ពស៊ីរីចាប់ផ្តើមការប្រយុទ្ឋជាមួយក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ិស្លាម IS ក្នុងខេត្ត Daraa នៅក្នុងចុងខែមករា ពួកគេព្យាយាមដើម្បីយកទីក្រុង Sheikh Maskin មកវិញ ដែលប្រហែលមានចម្ងាយ ២៥គីឡូម៉ែត្រភាគខាងជើងក្រុង Daraa។