ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៦
ការប្រយុទ្ធសម្រាប់ដណ្តើមក្រុងអាឡេប៉ូ (Aleppo) ដែលធ្លាប់ជាក្រុងពាណិជ្ជកម្មសំខាន់របស់ប្រទេសស៊ីរីកាន់តែខ្លាំងឡើងៗ និងមានវីដេអូបានបង្ហាញពីជនស៊ីវិលរាប់ពាន់នាក់កំពុងចាកចេញពីទីក្រុងដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនោះ។ សារព័ត៌មាន CNN មិនអាចបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនេះដោយខ្លួនឯងបានទេ ប៉ុន្តែការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សបានឱ្យដឹងតាមរយៈគេហទំព័រ Twitter កាលពីថ្ងៃសុក្រថាជនស៊ីវិល ៤០,០០០នាក់បានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នានៅជុំវិញទីក្រុងអាឡេប៉ូ (Aleppo)។ របាយការណ៍មួយបាននិយាយថាកងកម្លាំងដែលស្មោះត្រង់នឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីប្រទេសស៊ីរី បាសាអាល់អាសាដដែលជួយដោយកងទ័ពអាកាសប្រទេសរុស្ស៊ីនោះបានវាយប្រហារកាត់ផ្តាច់ការផ្គត់ផ្គង់នៅក្នុងទីក្រុងនេះ។ យោងតាមក្រុមចម្រុះជាតិប្រទេសស៊ីរីនិងកងកម្លាំងប្រឆាំងបដិវត្តន៍ដែលជាក្រុមប្រឆាំងដ៏ធំបានអោយដឹងថាការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងរបស់រុស្ស៊ីកំពុងជំរុញឱ្យមានមនុស្សរាប់ពាន់នាក់នៃប្រជាជនស៊ីរីភាគខាងជើងភៀសខ្លួនចេញពីទីក្រុងដ៏អ៊ូអរនេះ។