អេស្ប៉ាញចាប់បានដៃជើងរត់ពន្ឋអាវុធភេរវកម្មរបស់ក្រុម ISIS ដែលក្លែងបន្លំជាជំនួយមនុស្សធម៌

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

មនុស្សចំនួន ៧នាក់ដែលសង្ស័យថាជាសមាជិករបស់ក្រុមជីហាដត្រូវបានចាប់ខ្លួនក្នុងប្រទេសអេស្ប៉ាញ។ ក្រុមនេះត្រូវបានគេចោទប្រកាន់ពីបទផ្គត់ផ្គង់អំពើភេរវកម្មព្រមទាំងការលាងលុយសម្រាប់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម IS និង Al-Nusra ក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ ក្រុមនេះក៏ទទួលខុសត្រូវចំពោះការជួញដូរអាវុធ ឧបករណ៍យោធា សម្ភារៈគ្រាប់បែកនិងឧបករណ៍អេឡិចត្រូនិក ដែលក្រុមនេះក្លែងធ្វើជាក្រុមដឹកជញ្ជូនទំនិញមនុស្សធម៌សម្រាប់ក្រុមជីហាដនៅក្នុងតំបន់មជ្ឈឹមបូពា៌។ មនុស្ស ៤នាក់ដែលជាប់ការឃុំឃាំងមានប្រភពដើមពីប្រទេសអេស្ប៉ាញ ស៊ីរី ហ្ស៊កដានីនិងម៉ារ៉ុក។ ២នាក់ទៀតជាជនជាតិស៊ីរីនិងម៉ារ៉ុករស់នៅក្នុងប្រទេសអេស្ប៉ាញ ហើយដើមកំណើតនៃជនទីប្រាំពីរមិនត្រូវបានបង្ហាញនោះទេ។ ប៉ូលីសបាននិយាយថាពួកគេចាប់ផ្តើមការស៊ើបអង្កេតក្រុមនេះក្នុងឆ្នាំ ២០១៤ ដោយបញ្ជាក់ថាមេខ្លោងគឺមានទំនាក់ទំនងផ្ទាល់ជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងផ្តល់ការគាំទ្រភស្តុភារដែលមានសារៈសំខាន់សម្រាប់សកម្មភាពភេរវកម្មក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់នេះ។ ក្រៅពីការនាំចេញអាវុធនិងលាងលុយ ក្រុមនេះក៏ត្រូវបានគេប្រគល់ភារកិច្ចដោយក្រុម IS ដើម្បីស្វែងរកសម្ភារៈអាពាហ៍ពិពាហ៍សម្រាប់យុទ្ធជនជីហាដក្នុងប្រទេសស៊ីរីផងដែរដែលជាគោលការណ៍ធ្វើឡើងដោយមេដឹកនាំរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS លោក Abu Bakr Al-Baghdadi។ មនុស្សទាំង​ ៧នាក់នេះកំពុងស្ថិតនៅក្នុងការឃុំឃាំងហើយត្រូវនាំទៅកាន់ក្រុង Madrid សម្រាប់កាត់ទោសដែលគេរំពឹងថាចៅក្រមនឹងរក្សាជនសង្ស័យនៅក្នុងការឃុំឃាំង។ គួរបញ្ជាក់ផងដែរថាក្រុមជីហាដដែលគេសង្ស័យថាមានចំនួនសរុប ៨២នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីដើមឆ្នាំ ២០១៥ ។

ISIS 08-02-16