ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៦
មន្រ្តីបានអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ៥៦នាក់ស្លាប់នៅភាគឦសានប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអង្គារនៅពេលមានស្រ្តីបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់បានបំផ្ទុះខ្លួនរបស់ពួកគេនៅក្នុងជំរំជនភៀសខ្លួន។ សារព័ត៌មាន AP បានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស ៧៨នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះ។ បច្ចុប្បន្នមានជនភៀសខ្លួនចំនួន ៥០,០០០នាក់រស់នៅក្នុងជំរុំ Dikwa ក្នុងរដ្ឋ Borno។ ជំរុំនេះមានចម្ងាយ ៨៥គីឡូម៉ែត្រពី Maiduguri ដែលជាទីក្រុងធំបំផុតនៅក្នុងតំបន់និងជាស្រុកកំណើតរបស់ក្រុមបូកូហារ៉ាមនោះ។ បើយោងតាមសារព័ត៌មាន AP ស្រ្តីបំផ្ទុះគ្រាប់បែកអត្តឃាតទី ៣ត្រូវបានចាប់ខ្លួនដោយនាងត្រៀមនូវផែនការក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកបន្ថែមទៀត។ សាក្សីបានរាយការណ៍ថាជនបំផ្ទុះគ្រាប់បែកអត្តឃាតបានជ្រៀតចូលក្នុងជំរំដោយមិនមាននរណាកត់សម្គាល់ និងបានបំផ្ទុះខ្លួនរបស់ពួកគេក្នុងពេលដែលជនភៀសខ្លួនទាំងនោះកំពុងទទួលទានអាហារពេលព្រឹកនៅព្រឹកថ្ងៃអង្គារ។ យោងតាមប្រភពព័ត៌មានជនរងគ្រោះភាគច្រើនគឺជាស្ត្រី និងកុមារ ហើយការបញ្ចុះសពបានធ្វើឡើងកាលពីថ្ងៃពុធ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។