ជនស៊ីវិលស្លាប់ក្នុងប្រទេសស៊ីរីខណៈដែលការវាយប្រហារដោយគ្រាប់ផ្លោងរបស់ប្រទេសទួរគីមកលើទីតាំងរបស់ក្រុមឃើដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានជនស៊ីវិល ២នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងភូមិ Maryamayn ភាគខាងជើងប្រទេសស៊ីរីខណៈដែលកងទ័ពប្រទេសទួរគីបាញ់ផ្លោងមកលើទីតាំងរបស់កងជីវពល Kurdish នៅក្នុងខេត្តអាឡិបប៉ូក្នុងថ្ងៃទីពីរនៃការវាយប្រហារកាលពីថ្ងៃអាទិត្យ។ វីដេអូដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីរីឃើដ ANHA បានបង្ហាញពីអគារដែលខូចខាតនិងប្រជាជន​ដែលព្យាយាមទៅសង្រ្គោះអ្នកដែលរងរបួសនៅក្នុងភូមិ Maryamayn នៅជិតទីក្រុង Afrin បន្ទាប់ពីមានការវាយប្រហារដោយកាំភ្លើងធំរបស់ប្រទេសទួរគីនោះ។ យោងតាមការរាយការណ៍ពី Ruptly យ៉ាងហោចណាស់មានជនស៊ីវិល ២នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ទៀត។ ប្រភពពីយោធាទួរគីអោយដឹងថាការបាញ់ផ្លោងបានបន្តរហូតមកដល់ថ្ងៃអាទិត្យដោយបានបំផ្លាញទីតាំងជាច្រើនកន្លែងរបស់ក្រុម YPG ដែលជាសាខាយោធានៃសហភាពប្រជាធិបតេយ្យឃើដ (PYD)។ គួរបញ្ជាក់ផងដែរថា ប្រទេសទួរគីចាប់ផ្តើមការវាយប្រហារដោយការបាញ់កាំភ្លើងធំកាលពីថ្ងៃសៅរ៍ដែលផ្ដោតសំខាន់លើកងទ័ពស៊ីរីនិងទីតាំងរបស់ក្រុម Kurd នៅភាគខាងជើងប្រទេសស៊ីរីដែលនេះជាអ្វីដែលក្រុមមន្រ្តីយោធាប្រទេសទួកគីនិយាយថាជាការវាយប្រហារសងសឹកមួយ។ ក្រុងដាម៉ាសបានថ្កោលទោសប្រទេសទួរគីលើការវាយប្រហារមកលើទឹកដីប្រទេសស៊ីរីដែលនិយាយថានេះជាទង្វើគាំទ្រក្រុមភេរវកម្ម។ រដ្ឋាភិបាលប្រទេសស៊ីរីក៏បានផ្ញើលិខិតទៅអង្គការសហប្រជាជាតិទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលខុសត្រូវចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ និងបញ្ចប់អំពើឧក្រិដ្ឋកម្មដែលធ្វើឡើងដោយរបបទួរគីនេះ។

Syri 15-02-16