ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦
ការវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធប្រជាជនស៊ីវិលនិងមន្ទីរពេទ្យនៅភាគខាងជើងប្រទេសស៊ីរីបានធ្វើអោយមនុស្សចំនួន ៥០នាក់ស្លាប់កាលពីថ្ងៃចន្ទ ខណៈដែលប្រទេសទួរគីចោទប្រកាន់ប្រទេសរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅលើព្រំដែនរបស់ខ្លួន ឯកអគ្គរដ្ឋទូតប្រទេសស៊ីរីបានស្តីបន្ទោសក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់ទង្វើនេះ។ ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យដឹងថា មនុស្សជិត ៥០នាក់ត្រូវបានស្លាប់ក្នុងការវាយប្រហារនៅភាគខាងជើងប្រទេសស៊ីរីខណៈដែលកងទ័ពស៊ីរីកំពុងប្រយុទ្ឋយ៉ាងខ្លាំងជាមួយពួកសកម្មប្រយុទ្ធជីហាដនៅទូទាំងខេត្តអាឡិបប៉ូ (Aleppo) និងអ៊ីដលីប (Idlib) នោះ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា អគ្គលេខាធិការពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការវាយប្រហារដោយគ្រាប់មីស៊ីលមកលើសម្ភារៈបរិក្ខារពេទ្យយ៉ាងហោចណាស់ចំនួន ៥កន្លែង និងសាលារៀន ២កន្លែងនៅក្នុងខេត្តអាឡិបប៉ូ (Aleppo) និងអ៊ីដលីប (Idlib) ដែលបានសម្លាប់ជនស៊ីវិលជិត ៥០នាក់រួមទាំងកុមារ ព្រមទាំងមានអ្នករងរបួសជាច្រើនទៀតនោះ។ អ្នកស្លាប់រួមមានទាំងអ្នកជម្ងឺចំនួន ៥នាក់ និងអ្នកថែទាំអ្នកជម្ងឺម្នាក់បន្ថែម និងអ្នកយាមមន្ទីរពេទ្យម្នាក់ទៀត។ អង្គការក្រៅរដ្ឋាភិបាលបាននិយាយថាអ្នកជម្ងឺជាច្រើននៅបាត់ខ្លួននៅឡើយ ដោយមិនបានបញ្ជាក់អំពីចំនួនពិតប្រាកដនោះទេ។ អង្គការ MSF បានថ្កោលទោសចំពោះការវាយប្រហារនេះនិងហៅការវាយប្រហារនេះជាការធ្វើឡើងដោយចេតនា។ ការវាយប្រហារមកលើមន្ទីរពេទ្យនេះបានបន្សល់ទុកប្រជាជនក្នុងតំបន់ប្រហែលជា ៤០,០០០ នាក់មិនអាចទទួលសេវាថែទាំវេជ្ជសាស្រ្តនៅក្នុងតំបន់នៃជម្លោះនេះ។