ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦
ទីក្រុងដែលកាន់កាប់ដោយរដ្ឋាភិបាលនិងគណបក្សប្រឆាំងក្នុងប្រទេសស៊ីរីលើព្រំដែនប្រទេសទួរគីបានទទួលរងការបាញ់គ្រាប់ផ្លោងកាលពីសប្តាហ៍មុន នេះបើយោងតាមក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី។ កាំភ្លើងធំរបស់ប្រទេសទួរគីបានបាញ់ប្រហារជាង ១០០គ្រាប់នៅជុំវិញតំបន់ព្រំដែនភាគពាយព្យនៃខេត្តអាឡេប៉ូ (Aleppo) ដោយកំណត់ការវាយប្រហារមកលើគោលដៅទាំងពីរគឺកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមបក្សប្រឆាំង។ កាលពីសប្តាហ៍មុនប្រទេសទួរគីចាប់ផ្តើមវាយប្រហារមកលើកងកម្លាំងស៊ីរីឃើដនៅភាគខាងជើងប្រទេសស៊ីរីក្នុងបំណងដើម្បីបញ្ឈប់ការវាយយកក្រុង Azaz នេះ។ កាលពីថ្ងៃចន្ទមានមនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់បន្ទាប់ពីមានការវាយប្រហារគ្រាប់កាំជ្រួចមីស៊ីលមកលើមន្ទីរពេទ្យកុមារមួយកន្លែង សាលារៀនមួយកន្លែង និងអគារផ្សេងៗទៀត។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាស្តីបន្ទោសប្រទេសរុស្ស៊ីក្នុងការធ្វើសកម្មភាពវាយប្រហារនៅក្នុងទីក្រុង Azaz នេះ។ ការវាយប្រហារកាលពីថ្ងៃចន្ទត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិ ហើយអង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីសង្រ្គាមព្យាយាមកាត់បន្ថយភាពរកាំរកូសមុនពេលបទឈប់បាញ់ដែលបានគ្រោងទុកនៅប្រទេសស៊ីរី។