ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦
ក្រុមមន្ត្រីបានអោយដឹងថាការផ្ទុះមួយបានកើតឡើងមកលើរថយន្តយោធានៅត្រង់ចំណុចប្រសព្វក្នុងរដ្ឋធានីអង់ការ៉ា (Ankara) ប្រទេសទួរគីកាលពីល្ងាចថ្ងៃពុធ ដែលមន្រ្តីយោធាហៅថាជាការវាយប្រហារភេរវកម្ម។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី Numan Kurtulmus មនុស្សចំនួន ២៨នាក់បានស្លាប់ និង ៦១នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះបានវាយប្រហារមកលើរថយន្តយោធាចំនួន ៣គ្រឿង និងរថយន្តឯកជនមួយគ្រឿងនៅកណ្តាលរដ្ឋធានីអង់ការ៉ា (Ankara) ជិតអគារសភាទួរគី។ មន្ត្រីយោធានិយាយថាការផ្ទុះបានកើតឡើងនៅពេលដែលរថយន្តកំពុងឈប់ភ្លើងចរាចរណ៍។ អាជ្ញាធរជឿថាគ្រាប់បែកត្រូវបានបង្កប់នៅក្នុងរថយន្តមួយគ្រឿង។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមភេរវករណាមួយចេញមុខអះអាងចំពោះការវាយប្រហារនេះនៅឡើយទេ។