ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦
មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កងកម្លាំងឃឺដបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថាប្រទេសទួរគីជាអ្នកជួយផ្គត់ផ្គង់ដល់ក្រុមស៊ីរីជីហាដដែលបែកចេញពីក្រុមអាល់កៃដា (Al-Qaeda)។ លោកអះអាងថារដ្ឋធានីអង់ការ៉ា (Ankara) និងអារ៉ាប៊ីសាអូឌីត (Saudi Arabia) ព្រមទាំងកាតា (Qatar) បានផ្គត់ផ្គង់ក្រុមជ្រុលនិយមនូវអាវុធនិងគ្រាប់រំសេវ។ ការផ្គត់ផ្គង់ក្រុមភេរវករដែលធ្វើឡើងដោយប្រទេសទួរគីត្រូវបានបញ្ជាក់ដោយភស្ដុតាងជាឯកសាររបស់លោក Murat Karayılan សហស្ថាបនិកនៃគណបក្សពលករឃឺដ (PKK)។ លោក Karayılan បានក្លាយជាមេដឹកនាំស្តីទីរបស់គណបក្ស (PKK) ដែលចាត់ទុកថាជាក្រុមភេរវករដោយប្រទេសទួរគី និងសហរដ្ឋអាមេរិកចាប់តាំងពីមេដឹកនាំដើមរបស់ខ្លួន អាប់ឌុលឡាអូកាឡាន (Abdullah Ocalan) ត្រូវបានគេចាប់ខ្លួនក្នុងឆ្នាំ ១៩៩៩។ លោកបន្តទៀតថា រួមជាមួយប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ព្រមទាំងប្រទេសកាតា (Qatar) ប្រទេសទួរគីបានឧបត្ថម្ភក្រុមជីហាដនៅស៊ីរីដែលកើតចេញពីក្រុមអាល់កៃដា។ រដ្ឋទាំងនេះបានផ្គត់ផ្គង់គ្រឿងសភាវុធដល់ក្រុមទាំងនេះ។ លោកបន្ថែមថាប្រទេសទួរគីចង់ក្លាយជាមេដឹកក្នុងតំបន់ ហើយបំណងប្រាថ្នានេះបានបង្ខំឱ្យខ្លួនជាប់ផុងក្នុងវិបត្តិប្រទេសស៊ីរី។ លោកជឿថានៅក្នុងបរិបទនេះ ពួកស៊ីរីឃឺដ និងគណបក្សនយោបាយរបស់ពួកគេ និងប្រឈមមុខគ្នាជាមួយកងកម្លាំងនយោបាយប្រទេសទួរគី ដែលនេះជាមូលហេតុធ្វើឲ្យក្រុមជីហាដស្អប់ពួកស៊ីរីឃឺដ។ មេបញ្ជាការឃឺដក៏បានបញ្ជាក់ថាអាជ្ញាធរប្រទេសទួរគីគិតថា ប្រសិនបើប្រជាជនស៊ីរីឃឺដចំនួន ៣លាននាក់ទទួលបានឯករាជ្យនោះប្រជាជនទួរគីឃឺដ ២០លាននាក់ក៏ចង់បានដូចគ្នាដែរ។ លោក Karayılan បន្តថាដើម្បីបងា្ករបញ្ហានេះ និងបំបាក់ទឹកចិត្តជនជាតិឃឺដក្នុងការប្រឹងប្រែងដើម្បីបង្កើតរដ្ឋរបស់ពួកគេផ្ទាល់គណបក្សដែលកំពុងកាន់អំណាចប្រទេសទួរគី (AKP) នឹងព្យាយាមធ្វើអ្វីដែលខ្លួនអាចធ្វើបានរួមបញ្ចូលទាំងញុះញង់ពួកសកម្មប្រយុទ្ធ Ahrar ash-Sham និង Jabhat Al-Nusra (រណសិរ្ស Al-Nusra) អោយវាយប្រហារតំបន់ប្រជាជនស៊ីរីដែលមានប្រជាជនឃឺដរស់នៅ។ លោកបន្ថែមទៀតថា នៅពេលដែលក្រុមទាំងនេះបរាជ័យក្នុងការប្រយុទ្ឋជាមួយក្រុមឃឺដគណបក្ស (AKP) និងជំរុញឱ្យក្រុមរដ្ឋអ៊ីស្លាម IS ធ្វើការវាយប្រហារភ្លាមដែលនេះជាលទ្ធផលដែលយើងបានដឹងក្នុងការប្រយុទ្ធគ្នាដណ្តើមទីក្រុងកូបានី (Kobani) ក្នុងចន្លោះខែកញ្ញាឆ្នាំ ២០១៤ ដល់ ខែមីនាឆ្នាំ ២០១៥។ លោក Karayılan ឱ្យដឹងថា ក្រុមឃឺដមានឯកសារភ័ស្តុតាងដែលគណបក្ស (AKP) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រទេសទួរគី Ahmet Davutoglu មានទំនាក់ទំនងជាមួយក្រុមភេរវកម្មទាំងអស់នោះ។ លោក Karayılan អះអាងថាប្រទេសទួរគីបានផ្គត់ផ្គង់មកលើក្រុម Al-Nusra និងក្រុមរដ្ឋអ៊ីស្លាម IS តាំងពីដំបូងមកម្លេះ។