ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៦
សមាជិកម្នាក់នៃសភាប្រជាជនទួរគីដែលគាំទ្រគណបក្សប្រជាជនប្រជាធិបតេយ្យឃឺដបានចោទប្រកាន់កងកម្លាំងយោធាភាគអាគ្នេយ៍ប្រទេសទួរគី ដោយអះអាងថាពួកគេបានដុតមនុស្សទាំងរស់ជាង ១៥០នាក់ដែលជាប់នៅក្នុងបន្ទប់ក្រោមដី។ លោក Feleknas Uca និយាយថានៅក្នុងស្រុក Cizre នៃក្រុង Sırnak មនុស្សប្រហែលជាង ១៥០នាក់ត្រូវបានដុតទាំងរស់នៅក្នុងអគារផ្សេងគ្នាដោយកងកម្លាំងយោធាប្រទេសទួរគី។ សាកសពខ្លះត្រូវបានរកឃើញដោយគ្មានក្បាល។ ខ្លះទៀតត្រូវបានគេដុតខ្លោចទាំងស្រុង ដូច្នេះគឺមានការពិបាកខ្លាំងក្នុងការធ្វើកោសល្យវិច័យណាស់ ហើយភាគច្រើនបំផុតនៃអ្នកស្លាប់គឺជាជនជាតិឃឺដ។ គួរបញ្ជាក់ផងដែរថាកងកម្លាំងសន្តិសុខទួរគីព្យាយាមលុបបំបាត់សមាជិករបស់គណបក្ស PKK តាមទីប្រជុំជន និងទីក្រុងនៃភាគអាគ្នេយ៍ចាប់តាំងពីខែកក្កដាកន្លងទៅនៅពេលដែលបទឈប់បាញ់គ្នារយៈពេល២ឆ្នាំបានដួលរលំ។ ជនស៊ីវិលរាប់សិបនាក់ត្រូវជាប់ក្នុងបន្ទប់ក្រោមដីក្នុងស្រុក Cizre ខេត្ត Sirnak ប្រទេសទួរគីនៅឡើយ។ របាយការណ៍នៃការសម្លាប់រង្គាលជាលើកដំបូងកាលពីដើមសប្តាហ៍នេះដែលទីភ្នាក់ងារ ANHA បានរាយការណ៍គឺបានរកឃើញសាកសពចំនួន ១១៥នាក់។ សាកសពទាំងនេះត្រូវភ្លើងឆេះខ្ទេចខ្ទីដែលសាច់ញាតិអាចកំណត់អត្តសញ្ញាណសាកសពបានតែ ១០នាក់ក្នុងចំណោម ១១៥នាក់ដែលរកឃើញក្នុងស្រុក Cizre នេះ។