មនុស្ស ៨៣នាក់ស្លាប់ និងយ៉ាងហោចណាស់ ១៨០នាក់ទៀតរងរបួសខណៈដែលការបំផ្ទុះអត្តឃាតផ្ទួនៗវាយប្រហារជាយក្រុងដាម៉ាស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៦

ការផ្ទុះផ្ទួនៗបានវាយប្រហារមកលើស្រុក Sayeda Zeinab ភាគខាងត្បូងក្រុងដាម៉ាស (Damascus) ប្រទេសស៊ីរី។ មនុស្សយ៉ាងហោចណាស់ ៨៣នាក់ស្លាប់ និងជិត ២០០នាក់រងរបួសនៅពេលដែលមានជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់វាយប្រហារមកលើហ្វូងមនុស្ស។ ទីភ្នាក់ងាររដ្ឋប្រទេសស៊ីរី SANA រាយការណ៍ថា ដំបូងការបំផ្ទុះដ៏ខ្លាំងដោយរថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿងដែលកំណត់គោលដៅលើសាលារៀនមួយកន្លែង។ បន្ទាប់មកមានការផ្ទុះពីរបន្ថែមទៀតដែលធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតដែលបំផ្ទុះខ្លួនឯងចេញពីខ្សែក្រវាត់មានផ្ទុកគ្រឿងផ្ទុះ ដែលកំណត់គោលដៅលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅកន្លែងដែលកើតហេតុនេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកការវាយប្រហារនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៨៣នាក់ និងយ៉ាងហោចណាស់មនុស្សចំនួន ១៧៨នាក់ផ្សេងទៀតរងរបួស។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងក្រុងដាម៉ាសនេះ។ ទីភ្នាក់ងារសារព័ត៌មាន Amaq រាយការណ៍ថាក្រុមជីហាដបាននិយាយថាជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់របស់ពួកគេបានបំផ្ទុះខ្លួនឯងនៅក្នុងសង្កាត់ Sayeda Zeinab បន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿង។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃអាទិត្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួសនៅក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកចំនួន ២លើកនៅក្រុង Homs។ អភិបាលក្នុងតំបន់និយាយថាមនុស្ស ៣៤នាក់បានស្លាប់នៅក្នុងការផ្ទុះនេះ ប៉ុន្តែប្រភពព័ត៌មានពី Ria-Novosti បានលើកឡើងថាយ៉ាងហោចណាស់មនុស្ស ៤៦នាក់ស្លាប់ខណៈដែល ១១០នាក់ផ្សេងទៀតរងរបួស។

Dhamas 22-02-16