ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ម្នាក់បានប្រាប់សារព័ត៌មាន CNN ថា យន្តហោះអាកាសចរណ៍ Tara ធុនតូចមួយគ្រឿងដែលដឹកមនុស្ស ២១នាក់បានបាត់ការទាក់ទងនៅពេលដែលហោះមកដល់តំបន់ភ្នំនៃប្រទេសនេប៉ាល់។ អ្នកនាំពាក្យអាកាសចរណ៍ Tara លោក Bhim Rai បានឱ្យដឹងថាយន្ដហោះនោះបានហោះចេញពីទីក្រុង Pokhara កាលពីព្រឹកថ្ងៃពុធនេះ និងគោលដៅចុះចតនៅទីក្រុង Jomsom។ ការហោះហើរពីក្រុង Pokhara ទៅទីក្រុង Jomsom ត្រូវបានគេសន្មតថាមានរយៈពេលតែ ១៩នាទីតែប៉ុណ្ណោះ ប៉ុន្តែយន្តហោះនេះបាត់ទំនាក់ទំនងបន្ទាប់ពី ៨នាទីនៃការចេញដំណើរ។ លោក Rai និយាយថាមានអ្នកដំណើរ ១៨នាក់ និងសមាជិកនាវិកចំនួន ៣នាក់នៅលើយន្ដហោះ ហើយក្នុងនោះមានអ្នកដំណើរជនជាតិបរទេស ២នាក់ ម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិគុយវ៉ែត។ គួរបញ្ជាក់ផងដែរថាឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនិងឧទ្ធម្ភាគចក្រឯកជន ២គ្រឿងត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃតំបន់ភ្នំនោះដើម្បីស្វែងរក។