ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS​ សម្លាប់មនុស្ស ១៧នាក់នៅក្រុង Sabratha ប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦

អាជ្ញាធរប្រចាំតំបន់បានឲ្យដឹងកាលពីថ្ងៃពុធថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បានចូលទៅក្នុងទីក្រុង Sabratha ប្រទេសលីប៊ី ដោយកាត់ក្បាលសមាជិកកងកម្លាំងសន្តិសុខក្នុងតំបន់ចំនួន ១១នាក់ និងសម្លាប់មនុស្សចំនួន ៦នាក់ផ្សេងទៀតក្នុងការប៉ះទង្គិចគ្នាពេញមួយយប់មុននឹងក្រុមនេះដកថយទៅវិញ។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បានទាញយកផលប្រយោជន៍ក្នុងអំឡុង​ពេលនៃភាពវឹកវរផ្នែក​នយោបាយក្នុងប្រទេសលីប៊ី ដែលយុទ្ធជនស្មោះត្រង់នឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នេះបានវាយយក​ និងកាន់កាប់ក្រុង Sirte និងវាយប្រហារមកលើទីក្រុងជាច្រើនផ្សេងទៀត។ ការប្រយុទ្ធគ្នាក្នុងក្រុង Sabratha នេះបានចាប់ផ្តើមនៅពេលដែលកងកម្លាំងប្រចាំតំបន់ អតីតជាក្រុមឧទ្ទាមក្នុងចំណោម​ក្រុម​ឧទ្ទាមដែលបានចូលរួមក្នុងការបះបោរផ្តួលរលំរបបរបស់លោក Muammar Gaddafi ក្នុងឆ្នាំ ២០១១។ ការវាយប្រហារសង្ស័យពីកន្លែងលាក់ខ្លួនរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS មានចម្ងាយ​១៥គីឡូម៉ែត្រ (៩ ម៉ាយល៍) ភាគខាងត្បូងពីទីក្រុងនេះ។ អភិបាលក្រុង Sabratha លោក Hussein Al-Thawadi បានឲ្យដឹងថាសមាជិក ៦នាក់នៃកង​ពល​តូច​ក្នុងស្រុកបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីល្ងាចថ្ងៃអង្គារនិង ១១នាក់ផ្សេងទៀតត្រូវបាន​សម្លាប់ដោយកាត់ក្បាលនៅពេលដែលពួកសកម្មប្រយុទ្ធសម្រុកចូលក្នុងអគារនាយកដ្ឋានសន្តិសុខ។ ហើយកាលពីល្ងាចថ្ងៃពុធ កងកម្លាំងការពារជាតិ កងប្រដាប់អាវុធដែលមានមូលដ្ឋាននៅក្រុងទ្រីប៉ូលី ( Tripoli ) មានតួនាទីប្រឆាំងភេរវកម្មបាននិយាយថា​ខ្លួនបានចាប់ខ្លួនសមាជិកជាន់ខ្ពស់របស់ក្រុមឧទ្ទាម IS ចំនួន ៣នាក់នៅជាយក្រុង។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបានអនុវត្តការវាយប្រហារតាមអាកាសមកលើជំរុំហ្វឹកហាត់ដែលសង្ស័យជារបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅជាយក្រុង Sabratha ដោយបានសម្លាប់​មនុស្សជិត ៥០នាក់។​ រដ្ឋាភិបាលស៊ែប៊ីបាននិយាយថាមន្រ្តីការទូតស៊ែប៊ី ២​នាក់ដែលត្រូវគេចាប់​ខ្លួន​ក្នុងប្រទេសលីប៊ីកាលពីខែវិច្ឆិកានោះបានស្លាប់ក្នុងការវាយប្រហារនេះ។ នេះជាការវាយប្រហារតាមអាកាសលើកទី២ របស់សហរដ្ឋអាមេរិកមកលើក្រុមឧទ្ទាម IS ក្នុងប្រទេសលីប៊ីក្នុងរយៈពេល៣ខែនេះ៕