ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦
ថវិកានិងធនធានហូរចូលទៅកាន់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ពីប្រទេសមួយចំនួនក្នុងតំបន់ដែលធ្វើឲ្យមានការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ទីប្រឹក្សារបស់លោកប្រធានាធិបតីស៊ីរីបានប្រាប់សារព័ត៌មាន RT ថាកិច្ចសន្ទនានយោបាយត្រូវបានរាំងស្ទះដោយក្រុមប្រឆាំងដែលគាំទ្រដោយបរទេសនោះ។ ទីប្រឹក្សានយោបាយរបស់លោក Bashar Assad អ្នកស្រី Bouthaina Shaaban បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន RT ថាអស់រយៈពេល ៥ឆ្នាំដែលពួកគេ (បក្សប្រឆាំងស៊ីរី) មិនទាន់មានកិច្ចពិភាក្សាជាមួយគ្នា ដោយសារតែគណបក្សប្រឆាំងទាំងនេះជាកម្មសិទ្ឋរបស់ប្រទេសដទៃ និងផ្គត់ផ្គង់ដោយប្រទេសដទៃផ្សេងគ្នា។ ពួកគេមិនមែនជាបក្សប្រឆាំងដែលមានគណបក្សនយោបាយនៅក្នុងប្រទេសស៊ីរីនោះទេ។ នេះជាបក្សប្រឆាំងតែមួយគត់នៅក្នុងពិភពលោកដែលជាភ្នាក់ងារបរទេសប្រឆាំងនឹងប្រទេសរបស់ខ្លួន។ អ្នកស្រីបន្តថាកិច្ចចរចាផ្ទាល់រវាងបក្សប្រឆាំង និងរដ្ឋាភិបាលនឹងត្រូវធ្វើឡើងនៅពេលដែលបក្សប្រឆាំងអាចសហការ និងអាចអង្គុយប្រជុំរួមគ្នាបាន។ អ្នកស្រី Shaaban និយាយថាការជ្រៀតជ្រែករបស់ដៃគូរក្នុងតំបន់មួយចំនួនបានរារាំងដល់ជោគជ័យនៃដំណើរការនេះ។ អ្នកស្រីបន្តថាប្រសិនបើមិនមានការជួយជ្រោមជ្រែង (ក្រុមពួកសកម្មប្រយុទ្ធ) ពីភាគីក្នុងតំបន់ ជាពិសេសប្រទេសទួរគី និងអារ៉ាប៊ីសាអូឌីតទេនោះ វានឹងមិនមានការលំបាកក្នុងការយកឈ្នះលើក្រុម ISIS នោះទេ។ ប៉ុន្តែជំនួយថវិការ ធនធាន និងការសម្របសម្រួលគឺចេញពីបណ្តាប្រទេសទាំងនេះ។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS មិនមែនរស់នៅតែឯកឯងនោះទេ។ អ្នកស្រីបន្ថែមថាពួកសកម្មប្រយុទ្ធកំពុងទទួលបានការផ្គត់ផ្គង់ពីបណ្តាប្រទេស មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងមានការគាំទ្រនយោបាយពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផងដែរ៕