ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានបង្ហោះវីដេអូគំរាមកំហែងដល់ស្ថាបនិកបណ្តាញសង្គម Facebook លោក Mark Zuckerberg និងនាយកប្រតិបត្តិបណ្តាញសង្គម Twitter លោក Jack Dorsey។
រូបភាពវីដេអូបានបង្ហាញអំពីសារនិងរូបថតរបស់លោកទាំង ២ ដែលត្រូវធ្លុះធ្លាយដោយសារការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមភេរវករឧទ្ទាមអ៊ីស្លាម IS បានបង្ហោះវីដេអូមានរយះពេល ២៥ នាទីមានចំណងជើងថា “ភ្លើងនៃអ្នកគាំទ្រ ឬកំហឹងនៃអ្នកគាំទ្រ”ដែលពួកគេនិយាយថា ពួកគេនឹងធ្វើការវាយប្រហារប្រសិនបើគណនីពួកគេត្រូវបានហាមឃាត់ចេញពីបណ្តាញសង្គមទាំងនេះ។ គួរបញ្ជាក់ផងដែរថា បណ្តាញសង្គម Facebook និង Twitter បានដំណើរការយុទ្ធនាការមួយដើម្បីបញ្ឈប់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងអ្នកគាំទ្រក្រុមនេះពីការប្រើប្រាស់បណ្តាញសង្គមទាំងនេះក្នុងន័យដើម្បីឃោសនាទាក់ទាញសមាជិកថ្មី។ ក្រុមជីហាដនិយាយថា ពួកគេបាន hack និងគ្រប់គ្រងគណនី Facebook ចំនួន ១០.០០០ គណនី និង Group Facebook ចំនួន ១៥០ Group និងគណនី Twitter ចំនួន ៥.០០០ នាក់។ ក្រុមភេរវកម្មបានឱ្យដឹងថា ខ្លួននឹងសងសឹកប្រសិនបើក្រុមហ៊ុនទាំងនេះបញ្ឈប់ពួកគេក្នុងការប្រើប្រាស់បណ្តាញសង្គមទាំងនេះ។ ក្រុមឧទ្ទាម IS ក៏បានចំអកដល់បណ្តាញសង្គម Twitter និង Facebook ថា ខ្លួននឹងបង្កើតគណនីថ្មីចំនួន ១០ ផ្សេងទៀតគ្រប់ពេលដែលគណនី ១ របស់ពួកគេត្រូវបានបិទនោះ។