មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ខណៈដែលមានការវាយប្រហារពីពួកសកម្មប្រយុទ្ធ​ Al-Qaeda មកលើសណ្ឋាគារមួយកន្លែងក្នុងប្រទេសសូម៉ាលី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦

ក្រុមយុទ្ធមកពីក្រុមភេរវកម្មអាល់កៃដា-អាល់សាបាអាប (Al-Qaeda-linked Al-Shabaab) បានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកចេញពីរថយន្តមួយគ្រឿងមកលើសណ្ឋាគារមួយកន្លែងនៅកណ្តាលរដ្ឋធានីម៉ូហ្កាឌីស៊ូ (​Mogadishu) របស់ប្រទេសសូម៉ាលី កាលពីថ្ងៃសុក្រនេះ។ មន្រ្តីប៉ូលិសបានអោយដឹងថាមានមនុស្ស ១២នាក់ស្លាប់ក្នុងការវាយប្រហារនេះ។ យោងតាមក្រុមសកម្មប្រយុទ្ធ ពួកគេបានសម្រុកចូលទៅក្នុងសណ្ឋាគារ Somali Youth League ឬសណ្ឋាគារ SYL ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅជិតវិមានប្រធានាធិបតី។ អ្នកនាំពាក្យប្រតិបត្តិការយោធាក្រុមអាល់សាបាប លោក Sheikh Abdiasis Abu Musab បានប្រាប់សារព័ត៌មាន Reuters ថាយើងចាប់ផ្តើមការវាយប្រហារជាមួយនិងការបំផ្ទុះគ្រាប់បែកចេញពីរថយន្តមួយគ្រឿង បន្ទាប់មកយើងសម្រុកចូលទៅក្នុងសណ្ឋាគារ ហើយការប្រយុទ្ធគ្នាក៏ចាប់ផ្តើម។ មន្ត្រីប៉ូលិសមិនអាចបញ្ជាក់បានទេថាតើមានពួកសកម្មប្រយុទ្ធនៅខាងក្នុងសណ្ឋាគារឬយ៉ាងណានោះទេ។ មេប៉ូលីសលោក Ahmad Ismail និយាយថា ខ្ញុំបានឮសម្លេងកាំភ្លើងនៅជុំវិញតំបន់នោះ ហើយខ្ញុំមិនប្រាកដទេថាតើអ្នកបើកការវាយប្រហារស្ថិតនៅក្នុងសណ្ឋាគារឬយ៉ាងណានោះទេ។ មន្ត្រីប៉ូលីសម្នាក់បានប្រាប់សារព័ត៌មាន AFP ថាមានការផ្ទុះចំនួន២លើក ដែលលើកទី១នៅខ្លោងទ្វារសណ្ឋាគារ និងលើកទី២នៅជិតឧទ្យានដែលមានទីតាំងស្ថិតនៅជាប់សណ្ឋាគារនេះ។ លោក Ibrahim Mohamed និយាយថាការផ្ទុះលើកទីមួយបានកើតឡើងនៅក្បែរសួនសន្តិភាព និងមួយទៀតនៅក្បែរសណ្ឋាគារ SYL នេះ។ ខ្ញុំបានឃើញជនស៊ីវិល ១២នាក់ស្លាប់ តែចំនួនអ្នកស្លាប់ប្រហែលជាច្រើនជាងនេះ។ គួរបញ្ជាក់ផងដែរថាសណ្ឋាគារនេះធ្លាប់រងការវាយប្រហារដោយក្រុមភេរវករកាលពីឆ្នាំមុននៅមុនពេលធ្វើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីប្រទេសទួរគី ដែលពួកគេបានវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅខាងក្រៅច្រកទ្វារសណ្ឋាគារនេះ ដែលធ្វើអោយមនុស្ស ៣នាក់ស្លាប់នោះ។

Somali 27-02-16