ប្រភពព័ត៌មានពី Rappler ចេញផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦
មនុស្ស ២៥នាក់ស្លាប់ក្នុងការវាយប្រហារ ២លើកក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ទី ២៧ ខែកុម្ភៈ ដែលទង្វើរនេះធ្វើអោយមានគ្រោះថ្នាក់ដល់ការប៉ុនប៉ងរបស់ក្រុងកាប៊ុល (Kabul) ក្នុងការបញ្ចុះបញ្ចូលពួកតាលីបង់ (Taliban) រួមកិច្ចចរចាសន្តិភាពដែលបានកំណត់នៅខែក្រោយនេះ។ សាក្សី និងមន្រ្តីប៉ូលីសនិយាយថាជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅក្បែរក្រសួងការពារជាតិនៅកណ្តាលក្រុងកាប៊ុល ដែលក្រោយមកការវាយប្រហារនេះត្រូវបានគេអះអាងថាធ្វើឡើងដោយពួកតាលីបង់។ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងបានអោយដឹងថាមនុស្ស ១២នាក់រួមទាំងទាហានអាហ្វហ្គានីស្ថាន ២នាក់ស្លាប់ និង ៨នាក់ទៀតរងរបួសខណៈដែលចំនួនអ្នកស្លាប់ដែលផ្ដល់ឱ្យដោយមេប៉ូលីសក្រុងកាប៊ុលលោក Abdul Rahman Rahimi គឺមនុស្ស ៩នាក់ស្លាប់ និង ១៣នាក់រងរបួស។ សាក្សីលោក Sardar Mohammad បានប្រាប់សារព័ត៌មាន AFP ថាខ្ញុំឃើញជនស៊ីវិល និងទាហានរងរបួសជាច្រើននាក់។ ពួកគេកំពុងសុំជំនួយប៉ុន្តែកងកម្លាំងសន្តិសុខមិនអនុញ្ញាតអោយប្រជាជនចូលជួយពួកគេទេ។ គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃសៅរ៍ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងម៉ូតូមួយគ្រឿងនៅទីផ្សារមួយកន្លែងក្នុងរដ្ឋ Asadabad ខេត្ត Kunar សម្លាប់មនុស្សចំនួន ១៣នាក់ និងរងរបួសយ៉ាងហោចណាស់ ៣៩នាក់។ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។