មនុស្ស ៣០នាក់ស្លាប់ និង ៤០នាក់រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦

យោងតាមមន្រ្តីប៉ូលីសបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៣០នាក់ស្លាប់ និង ៤០នាក់​ផ្សេង​ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២លើកដែលធ្វើឡើងដោយអង្គការភេរវកម្មសូម៉ាលី អាល់សាបាប (Al-Shabaab) ជាក្រុមបំបែកខ្លួនពីក្រុម អាល់កៃដា (Al-Qaeda) នៅភាគ​កណ្តាលប្រទេសសូម៉ាលី។ ការផ្ទុះនេះកើតឡើងនៅចំកណ្តាលទីក្រុង Baidoa ដែលកំណត់គោលដៅ​មកលើកន្លែងដ៏មមាញឹកមួយដែលនៅជិតភោជនីយដ្ឋានមួយកន្លែង។ លោកវរសេនីយ៍ឯក Abdi Osman បញ្ជាក់ថាមនុស្សចំនួន ៣០នាក់ស្លាប់ និង ៤០នាក់ផ្សេងទៀតរងរបួស។ លោកបន្ថែមថាការវាយប្រហារបំផ្ទុះគ្រាប់បែកលើកទីមួយបានផ្ទុះឡើងនៅត្រង់ចំណុចប្រសព្វ ខណៈ​ដែលការផ្ទុះលើកទី២ គឺគោលដៅមកលើភោជនីយដ្ឋាន។ បុគ្គលិកមន្ទីរពេទ្យនិយាយថាសាកសពជនរងគ្រោះមួយចំនួនមិនអាចកំណត់អត្តសញ្ញាណបានទេ។ ក្រុមភេរវករ (Al-Qaeda linked Al-Shabaab) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះដោយអ្នកនាំពាក្យប្រតិបត្តិការ​យោធា​របស់ក្រុមនេះលោក Sheikh Abdiasis Abu Musab បញ្ជាក់ថាយើងកំណត់គោលដៅនៃ​ការវាយ​ប្រហារ​មកលើមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងយោធា។ យោងតាមលោក Musab មានប៉ុស្តិ៍ប៉ូលីសមួយកន្លែងមានទីតាំងស្ថិតនៅក្បែរនោះ៕

Somali 01-03-16