ស្ត្រីដែលលើកបង្ហាញក្បាលក្មេង​ដែលកាត់ចេញពីខ្លួននៅ​ជិតស្ថានីយ៍​រថភ្លើងក្រោមដីទីក្រុងម៉ូស្គូ​ត្រូវបានឃុំខ្លួន

0

ប្រភពព័ត៌មានពី​ Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦

ស្ត្រីម្នាក់ដែលស្លៀកពាក់ឈុតពណ៌ខ្មៅ និងកំពុងកាន់អ្វីមួយក្នុងដៃដែលគេសន្និដ្ឋានថាជាក្បាលដែលកាត់ផ្តាច់ចេញពីដងខ្លួនរបស់កុមារម្នាក់ ត្រូវបានចាប់ខ្លួននៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងម៉ូស្គូ។ នាងបានស្រែកថា “ខ្ញុំជាភេរវករ” និងគំរាមបំផ្ទុះខ្លួនឯង។ ​ជនរងគ្រោះគឺជាក្មេងស្រី​ម្នាក់មានឈ្មោះថា Nastya M។​ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់រួចមក​ជនសង្ស័យជាស្ត្រីរូបនេះបានទៅកាន់​ស្ថានីយ៍រថ​ភ្លើង​ក្រោមដី ដែលជាកន្លែងដែលនាងត្រូវបានចាប់ខ្លួនដោយមន្ត្រីប៉ូលិសក្នុងតំបន់។ ភ្លាមៗនោះ នាងបានយកក្បាលរបស់កុមារចេញពីកាបូបរបស់នាង និងស្រែកថានាងបានសម្លាប់កុមារនោះ។ បច្ចុប្បន្នស្រ្តីសង្ស័យម្នាក់នេះត្រូវអាជ្ញាធរប៉ូលីសឃុំខ្លួន។ ស្រ្តីរូបនេះបានស្រែកថា “ចុងបញ្ចប់នៃពិភពលោក នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយខ្ញុំនឹងសម្លាប់អ្នក ខ្ញុំស្អប់លទ្ធិប្រជាធិបតេយ្យ ខ្ញុំជាភេរវករ ខ្ញុំជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ខ្ញុំនឹងស្លាប់ក្នុងពេលឆាប់ៗនេះ ទីបញ្ចប់នៃពិភពលោក”។ ស្ត្រីម្នាក់នេះបង្ហាញខ្លួននៅក្បែរស្ថានីយ៍រថភ្លើងក្រោមដី Oktyabrskoe Pole ភាគពាយព្យនៃទីក្រុងម៉ូស្គូ។ ក្រោយមកគណៈកម្មាធិការស៊ើបអង្កេតប្រទេសរុស្ស៊ី បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពកុមារអាយុប្រមាណជា ៣ ទៅ ៤ឆ្នាំម្នាក់ ​បន្ទាប់ពីបានពន្លត់ភ្លើងដែលកំពុងឆាបឆេះនៅផ្ទះល្វែងមួយកន្លែងក្នុងក្រុងម៉ូស្គូ។ ការស៊ើបអង្កេតបឋមបានបង្ហាញថាស្រ្តីជាជនសង្ស័យម្នាក់នេះជាអ្នកថែទាំក្មេងមានវ័យជាង ៣០ឆ្នាំ។ ​បើតាមគណៈកម្មាធិការស៊ើបអង្កេតបានឲ្យដឹងថាស្រ្តីជាជនសង្ស័យបានរង់ចាំរហូតដល់ឪពុកម្តាយរបស់កុមារនេះចាកចេញពីផ្ទះ បន្ទាប់មកក៏សម្លាប់កុមារព្រមទាំងដុតផ្ទះនេះឡើង។ ​ម្តាយរបស់ក្មេងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីគាត់សន្លប់ក្រោយពីទទួលដំណឹងនេះ៕

Mosco 01-03-16