ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៦
របាយការណ៍កាសែតមួយបានអោយដឹងថាប៉ូលីសប៊ែលហ្ស៊ិកប្រាប់អោយមានការប្រុងប្រយត្ន័អំពីការវាយប្រហារភេរវកម្មដែលអាចធ្វើឡើងដោយបងប្អូនរបស់លោក Abdeslam ក៏ដូចជាលោក Abdelhamid Abaaoud ដែលជាបុរសម្នាក់នៅពីក្រោយព្រឹត្តិការណ៍ការវាយប្រហារនៅក្នុងទីក្រុងប៉ារីសកាលពី ខែវិច្ឆិកា ឆ្នាំ ២០១៤។ យោងតាមកាសែត L’Echo របស់បែលហ្ស៊ិកបានរាយការណ៍ថាផ្នែកប្រឆាំងភេរវកម្មនៃប៉ូលីសសហព័ន្ធប៊ែលហ្សិកបានទទួលទូរស័ព្ទពីស្ត្រីម្នាក់កាលពីខែកក្កដាឆ្នាំ ២០១៤ ហើយប្រភពនេះត្រូវបានអះអាងទទួលស្គាល់ដោយប៉ូលីសនិងអាចទុកចិត្តបាន។ ស្ត្រីម្នាក់នោះបាននិយាយថាបងប្អូនរបស់ Abdeslam គឺ Salah និង Brahim កំពុងរៀបចំការវាយប្រហារ។ អ្នកត្រូវតែធ្វើអ្វីមួយ។ ស្ត្រីម្នាក់ដែលហាក់ដូចជាមានទំនាក់ទំនងជាមួយបងប្អូន Abdeslam នេះ បានអះអាងថាការគំរាមកំហែងនេះគឺពិតប្រាកដណាស់។ នាងបន្ថែមទៀតថាបុរសទាំងនោះលែងលាក់ចេតនាភេរវកម្មរបស់ខ្លួនទៀតហើយ ជាពិសេសសមាជិកក្រុមគ្រួសាររបស់ពួកគេ និងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS។ នាងក៏បានបញ្ជាក់ថាបងប្អូនរបស់ Abdeslam តែងតែមានទំនាក់ទំនងជាមួយលោក Abdelhamid Abaaoud ដែលជាមេក្លោងនៃការវាយប្រហារទីក្រុងប៉ារីសកាលពីខែវិច្ឆិកាដែលធ្វើអោយមានមនុស្សស្លាប់ជាង ១៣០នាក់នោះ។ គួរបញ្ជាក់ផងដែរថាលោក Abaaoud ត្រូវគេសម្លាប់ក្នុងអំឡុងពេលប្រតិបត្ដិការប្រឆាំងភេរវកម្មនៅជាយក្រុង Saint-Denis ទីក្រុងប៉ារីសប៉ុន្មានថ្ងៃបន្ទាប់ពីសោកនាដកម្ម។