ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦
ស្ត្រីភេរវករ ២នាក់បានវាយប្រហារមកលើរថយន្តក្រុងប៉ូលីសមួយគ្រឿងដែលកំពុងចូលទៅក្នុងស្ថានីយប៉ូលិសក្នុងក្រុងអ៊ីស្តង់ប៊ុល។ ពួកគេគប់គ្រាប់បែកនិងបើកការបាញ់ប្រហារមកលើរថយន្តក្រុង។ ស្ត្រីភេរវករ ២នាក់នេះក្រោយមកត្រូវបានសម្លាប់ដោយមន្ត្រីអនុវត្តច្បាប់។ វីដេអូបានបង្ហាញពីសកម្មភាពដែលស្ត្រីភេរវករ ២នាក់នេះវាយប្រហារមកលើរថយន្តក្រុងប៉ូលិសដែលកំពុងបើកចូលទៅក្នុងស្ថានីយប៉ូលីស។ ស្រ្តីម្នាក់បាញ់ប្រហារដោយកាំភ្លើង ខណៈដែលម្នាក់ទៀតគប់គ្រាប់បែកមកលើរថយន្តក្រុងមុនពេលដែលអ្នកទាំងពីររត់គេចខ្លួនពីកន្លែងកើតហេតុនោះ។ យោងតាមរបាយការណ៍ពី Reuters ស្ត្រីម្នាក់បានរងរបួសនៅក្នុងការបាញ់តបតជាមួយប៉ូលីស ហើយមន្ត្រីអនុវត្តច្បាប់បានតាមដាន និងរកឃើញកន្លែងដែលស្ត្រីភេរវករទាំង ២នាក់នេះរស់នៅ។ បន្ទាប់ពីបានជម្លៀសប្រជាជនដែលរស់នៅក្នុងប្លុកអាគារក្នុងស្រុក Bayrampasa រួចមក មន្រ្តីអនុវត្តច្បាប់បានសម្រុកចូលក្នុងអគារនោះ និងសម្លាប់ស្ត្រីភេរវករទាំង២នោះ។ យោងតាមប្រភពព័ត៌មានអោយដឹងថាមានជនវាយប្រហារទី៣ ដែលបានគេចខ្លួននៅក្នុងឡានតាក់ស៊ីមួយគ្រឿងបន្ទាប់ពីការវាយប្រហារ។ ជនភេរវករទី៣ នេះអាចរងរបួស និងប្រហែលជាកំពុងស្វែងរកជំនួយវេជ្ជសាស្រ្ត។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ តែទោះជាយ៉ាងណាទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថាស្ត្រី ២នាក់នេះត្រូវបានគេកំណត់ថាជាសមាជិកនៃក្រុមសកម្មប្រយុទ្ធឆ្វេងនិយម DHKP-C។