ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦
កងទ័ពយោធានីហ្សេរីយ៉ានិយាយថាទាហានរបស់ខ្លួនបានជួយសង្គ្រោះចំណាប់ខ្មាំងក្រុមបូកូហារ៉ាមចំនួន ៦៣នាក់ និងសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៥នាក់ក្នុងអំឡុងពេលការវាយឆ្មក់មកលើ “ជំរំភេរវករ” ដែលបង្កើតឡើងនៅភាគខាងជើងប្រទេសនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអង្គភាពកងកម្លាំងពិសេសមួយក្រុមបានអនុវត្តប្រតិបត្ដិការនេះ និងបានកំទេចជំរំលាក់ខ្លួនរបស់ក្រុមបូកូហារ៉ាមនៅក្នុងភូមិ Lawin Meleri, Mathiri Bulaga និង Aljeri។ យោងតាមប្រភពព័ត៌មានពីយោធាបានឲ្យដឹងថាក្រុមទាហានក៏បានបំផ្លាញជំរំរបស់ក្រុមបូកូហារ៉ាមនៅក្នុងព្រៃ Alagarno ក្នុងរដ្ឋ Borno នៅក្នុងប្រតិបត្ដិការដាច់ដោយឡែកមួយផ្សេងទៀត។ កងទ័ពបានបំផ្លាញជំរំភេរវករនៅ Mosa, Ariwuzumari និង Kagalmari ព្រមទាំង Missene, Joba, Yajiwa និង Sansan។ សេចក្តីថ្លែងការណ៍យោធានិយាយថា “ក្នុងអំឡុងពេលប្រតិបត្ដិការ កងទ័ពបានកំទេចជំរំទាំងអស់ និងបានសម្លាប់ក្រុមភេរវករមួយចំនួនធំ និងបានកំទេចជំរំរបស់ក្រុមបូកូហារ៉ាមព្រមទាំងរឹបអូសបានម៉ូតូចំនួន ៣១គ្រឿង ម្ហូបអាហារ សត្វលា និងរថយន្ត pick-up មួយគ្រឿង ព្រមទាំងកាំភ្លើង AK-៤៥ ដែលមានលេខចុះបញ្ជី ១៧៧១៤ និងកាំភ្លើង Dane មួយដើម”។ គួរបញ្ជាក់ផងដែរថាក្រុមភេរវកម្មបូកូហារ៉ាមបានសម្លាប់មនុស្សប្រមាណជា ២០.០០០នាក់ និងជម្លៀសមនុស្ស ២,៥លាននាក់ចាប់តាំងការបះបោរនៅក្នុងឆ្នាំ ២០០៩ ដែលមានគោលបំណងដើម្បីបង្កើតការគ្រប់គ្រងដោយក្រុមអ៊ីស្លាមនោះ។