ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦
ប៉ូលិសអេស្ប៉ាញបានរឹបអូសឯកសណ្ឋានប្រយុទ្ធចំនួន ២០,០០០ សម្រាប់ក្រុមជីហាដមជ្ឈឹមខាងកើត ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម និងក្រុម Al-Nusra។ ឯកសណ្ឋានទាំងនេះត្រូវបានរៀបចំជាស្រេចសម្រាប់បញ្ជូននៅក្នុងកុងទីន័រ (Container) ចំនួន៣ ក្រោមការបិទបាំងថាជាសម្លៀកបំពាក់ជជុះ។ ក្រសួងមហាផ្ទៃជឿថាឯកសណ្ឋាននិងគ្រឿងយោធាប្រហែល ២០,០០០ ដែលត្រូវរឹបអូសក្នុងគោលបំណងបញ្ជូនទៅក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងក្រុមអាល់កៃដា Al-Nusra ដែលនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់អាចឱ្យក្រុមភេរវករ “បំពាក់លើកងទ័ពទាំងមូលបាន”។ សេចក្តីថ្លែងការណ៍បន្តថា “កុងទីន័រដែលផ្ទុកឯកសណ្ឋានយោធានេះត្រូវគេប្រកាសថាជាសម្លៀកបំពាក់ជជុះ ដូច្នេះវាអាចបន្លំមិនឱ្យមានការសង្ស័យ និងអាចឆ្លងកាត់គយត្រួតពិនិត្យផ្សេងៗ”។ ឯកសណ្ឋានទាំងនេះត្រូវគេរៀបចំជាបាវធំៗនិងបង្កប់នៅក្នុងសម្លៀកបំពាក់ដែលប្រើប្រាស់រួច។ ប៉ូលិសអេស្ប៉ាញបានបង្ហាញថាជនសង្ស័យដែលជាម្ចាស់ក្រុមហ៊ុននាំចូលសម្លៀកបំពាក់ជជុះត្រូវបានឃុំខ្លួន។ ជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួន បានប្រើប្រាស់ក្រុមហ៊ុនសម្លៀកបំពាក់ជជុះនេះក្នុងការបញ្ជូន “សម្ភារៈយោធា ប្រាក់ សម្ភារៈអេឡិចត្រូនិក អាវុធនិងគ្រឿងផ្ទុះផ្សេងៗ” ទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថាមន្រ្តីអនុវត្តច្បាប់របស់ប្រទេសអេស្ប៉ាញក៏ត្រូវចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ផ្សេងទៀតដែលមាន “បណ្តាញអាជីវកម្មយ៉ាងសកម្មជាមួយក្រុមភេរវករ” ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់រក្សា និងពង្រឹងក្រុមឧទ្ទាមជ្រុលនិយមអ៊ីស្លាមនេះ។